មណ្ឌលសុខភាពថ្មី២កន្លែង នៅស្រុកអូរជ្រៅ និងថ្មពួក ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- ប្រជាពលរដ្ឋក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនឹងទទួលបានសេវាសុខាភិបាលកាន់តែប្រសើរឡើង បន្ទាប់ពីមណ្ឌលសុខភាពថ្មីចំនួន២កន្លែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ មណ្ឌលសុខភាពទាំងពីរនេះ រួមមាន មណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក និង អគារមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ដែលសាងសង់ក្រោមគម្រោងថវិកាគុណប្រយោជន៍របស់រដ្ឋបាលខេត្ត។

ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្ដម តាន់ ផាន់ណារ៉ា ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូជ្រៅ ព្រមទាំងមន្ត្រីរាជការ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យសុខាភិបាល ដែលជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។ «ការដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាពទាំងពីរនេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលកើតចេញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព និងសមធម៌។ មណ្ឌលសុខភាពទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាបឋម បង្ការ និងព្យាបាលជំងឺនានា ដើម្បីកាត់បន្ថយបន្ទុករបស់មន្ទីរពេទ្យបង្អែក និងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅរកសេវាព្យាបាល»។

ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមកប្រើប្រាស់សេវាសុខាភិបាលនៅមណ្ឌលសុខភាពឱ្យបានទូលំទូលាយ និងចូលរួមថែរក្សាអគារ និងសម្ភារនានាឱ្យបានគង់វង្សយូរអង្វែង។
ចំណែកឯ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលថ្មីនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា «មណ្ឌលសុខភាពទាំងពីរនេះត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យចាំបាច់មួយចំនួន និងមានបុគ្គលិកសុខាភិបាលគ្រប់គ្រាន់ ដើម្បីផ្តល់សេវាថែទាំសុខភាពបឋមដូចជា ការពិគ្រោះព្យាបាលជំងឺទូទៅ ការចាក់វ៉ាក់សាំង ការថែទាំសុខភាពមាតា និងទារក ព្រមទាំងការអប់រំសុខភាពដល់សហគមន៍។ នេះជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងជួយបង្កើនលទ្ធភាពរបស់មន្ទីរសុខាភិបាលក្នុងការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង និងទូលំទូលាយ»។ លោកវេជ្ជបណ្ឌិតក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមចំណែកក្នុងការសាងសង់មណ្ឌលសុខភាពទាំងនេះ។

វត្តមាននៃមណ្ឌលសុខភាពថ្មីនេះបាននាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកស្រី យឿន សុខុម អាយុ ៤៥ ឆ្នាំ រស់នៅឃុំគុត្តសត ស្រុកអូរជ្រៅ បានបង្ហាញអារម្មណ៍រំភើបថា «កាលពីមុន ពេលឈឺម្ដងៗ ពួកខ្ញុំត្រូវចំណាយពេល និងថវិកាធ្វើដំណើរទៅមន្ទីរពេទ្យឆ្ងាយ។ ឥឡូវនេះ មានមណ្ឌលសុខភាពនៅជិតផ្ទះអ៊ីចឹង ពួកខ្ញុំសប្បាយចិត្តណាស់។ វានឹងជួយកាត់បន្ថយការចំណាយ និងធ្វើឱ្យពួកខ្ញុំងាយស្រួលទៅរកពេទ្យបានលឿនជាងមុន»។

លោក ចាន់ សុភា អាយុ ៥២ ឆ្នាំ រស់នៅឃុំគំរូ ស្រុកថ្មពួក បានលើកឡើងថា«វត្តមានមណ្ឌលសុខភាពថ្មីនេះ គឺជាសមិទ្ធផលដ៏ធំមួយសម្រាប់ភូមិឃុំពួកខ្ញុំ។ ពួកខ្ញុំសង្ឃឹមថា សេវាសុខាភិបាលនឹងកាន់តែមានគុណភាព និងជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អគ្រប់ៗគ្នា»។
សូមជម្រាបថាការដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាពទាំងពីរនេះគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជាជំហានដ៏សំខាន់មួយទៀតក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅតាមមូលដ្ឋាន៕
ដោយ ឈុន សារ៉ាត





