កងពលតូចថ្មើរជើងលេខ៤២ ចេញល្បាតសហការត្រួតពិនិត្យ តាមព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- កងពលតូចថ្មើរជើងលេខ៤២ ចេញល្បាតសហការត្រួតពិនិត្យ តាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤។

ក្នុងឱកាសនោះលោក ឧត្ដមសេនីយ៍ត្រី នាក់ វង្ស បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការឱ្យបានស្អិតរមួតជាមួយអង្គភាពមិត្តនគរបាលការពារព្រំដែនគោកលេខ ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ ។

លោកមេបញ្ជាការក៏បានផ្ដាំផ្ញើដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជំងឺផ្សេងៗ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





