វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន នៅស្រុកមេសាង
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីអង្គការយូនីសែហ្វ (UNICEF) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកមេសាង ខេត្តព្រៃវែង។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំរបស់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អភិបាលរងនៃគណៈអភិបាលស្រុកមេសាង ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា គ្រូទទួលបន្ទុកបង្រៀនមុខវិជ្ជាបំណិនជីវិតនៅស្រុកមេសាង ខេត្តព្រៃវែង សរុប ៥៧នាក់ ស្រី ២០នាក់។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងអភិវឌ្ឍសមត្ថភាពនាយកនាយិកា លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធ លើការអនុវត្តកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន Local Life Skills Education(LLSE) និងការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ Volunteer for my community (VMC) ដើម្បីទទួលបានចំណេះដឹង និងវិធីសាស្រ្តបង្រៀនបែបថ្មី លើការអនុវត្តការបង្រៀនមុខវិជ្ជាបំណិនជីវិត៕

ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





