រដ្ឋមន្ត្រីសន្តិសុខរដ្ឋរបស់កូរ៉េខាងជើងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងជួបជាមួយ លោក សយហ្គូ ដូចការរំពឹងទុក
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីសន្តិសុខរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានធ្វើដំណើរទៅប្រទេសរុស្ស៊ីដើម្បីចូលរួមកិច្ចប្រជុំអន្តរជាតិនៃមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា គណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីសន្តិសុខរដ្ឋ លោក រី ចាងដេ (Ri Chang-dae) បានធ្វើដំណើរចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃមុនដើម្បីចូលរួមកិច្ចប្រជុំលើកទី១៣ នៃតំណាងជាន់ខ្ពស់ដោះស្រាយបញ្ហាសន្តិសុខ។
លោក រី ត្រូវបានគេរំពឹងថានឹងមានកិច្ចពិភាក្សាជាមួយនឹង លោក សើហ្គេយ សយហ្គូ (Sergei Shoigu) លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនៅក្នុងទីក្រុងម៉ូស្គូ។
ក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីបាននិយាយកាលពីសប្តាហ៍មុនថា លោក សយហ្គូ នឹងជួបពិភាក្សាជាមួយមន្ត្រីមកពីប្រទេសកូរ៉េខាងជើង អ៊ីរ៉ង់ឥណ្ឌា និងប្រទេសដទៃទៀតនៅថ្ងៃទី២៨-២៩ ខែឧសភា នៅខាងក្រៅកិច្ចប្រជុំនៃតំណាងជាន់ខ្ពស់ដែលទទួលខុសត្រូវចំពោះបញ្ហាសន្តិសុខ។
ជំនួបរវាងលោក រី និងលោក សយហ្គូ ធ្វើឡើងនៅពេលដែលប្រទេសកូរ៉េខាងជើងបានទទួលស្គាល់ជាលើកដំបូងនៅក្នុងខែមេសាថា ខ្លួនបានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្រ្គាមរបស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែន។
អ្នកជំនាញបាននិយាយថា ពួកគេអាចនឹងប្រើប្រាស់កិច្ចពិភាក្សានាពេលខាងមុខ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរអនាគតរបស់កងទ័ពកូរ៉េខាងជើងនិងបញ្ហាទាក់ទងនឹងការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុរបស់ទាហានកូរ៉េខាងជើងដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធ និងអ្នកទោសសង្គ្រាម៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





