កិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើមនៅប្រទេសម៉ាឡេស៊ីដោយសម្លឹងមើលទៅលើការធ្វើសមាហរណកម្ម និងភាពធន់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៦ បានចាប់ផ្តើមកាលពីថ្ងៃចន្ទក្នុងរដ្ឋធានីនៃប្រទេសម៉ាឡេស៊ីជាមួយនឹងការធ្វើសមាហរណកម្មក្នុងតំបន់កាន់តែខ្លាំង និងភាពធន់នឹងការរំខានក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងរបៀបវារៈ។
ថ្លែងក្នុងពិធីបើកសម័យប្រជុំពេញអង្គ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim) បានជំរុញឱ្យសមាជិកអាស៊ានធ្វើការរួមគ្នាដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមនានាដែលនាំមកដោយការផ្លាស់ប្តូរលំដាប់ពិភពលោក ហើយធានាបាននូវរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌។
លោកបានមានប្រសាសន៍ថា «សម្រាប់អាស៊ាន សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់យើងច្រើនតែពឹងផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិដែលបើកចំហ រួមបញ្ចូល និងឈរលើលំហូរនៃពាណិជ្ជកម្មសេរី មូលធន និងប្រជាជន។ គ្រឹះទាំងនេះត្រូវបានរុះរើក្រោមកម្លាំងនៃការបំពាន»។
លោក អានវ៉ា ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូមិត្តភាពនៃប្រទេសអាស៊ាន ដោយលោកបានកត់សម្គាល់ពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) លើកដំបូងដែលមិនធ្លាប់មាន ដោយនាំមកនូវការរួបរួមជាក្រុមជាមួយប្រទេសចិនដែលជាដៃគូសេដ្ឋកិច្ចធំបំផុតរបស់តំបន់ និងក្រុមប្រឹក្សា GCC ។
ប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ ហើយកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្រោមប្រធានបទ «ការរួមបញ្ចូល និងនិរន្តរភាព»។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ប្រទេសអាស៊ានរួមមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





