ប្រទេសថៃ និងឡាវ ពង្រឹងការតភ្ជាប់នៅតាមបណ្តោយព្រំដែន
AKP ប៉េកាំង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- ប្រទេសថៃ និងឡាវ បានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនតាមរយៈផែនការមេថ្មីមួយ សំដៅបង្កើនការតភ្ជាប់ទ្វេភាគី ជាពិសេសក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារ។
កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះត្រូវបានប្រកាសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសឡាវ លោក ថុងសាវ៉ាន់ ភុមវីហាន (Thongsavanh Phomvihane) ទៅកាន់ប្រទេសថៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កន្លងមក។
រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សាងគៀមពង្សា (Maris Sangiampongsa) ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីដែលបាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ ដោយការតភ្ជាប់ផ្លូវគោកជាចំណុចកណ្តាល។
លោកបាននិយាយថា ប្រទេសទាំងពីរនឹងរួមគ្នាធ្វើសេចក្តីព្រាងផែនការមេមួយដែលត្រូវសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) ដើម្បីកំណត់ចំណុចខ្វះខាត និងពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន។
គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនោះ រួមមានទាំងការបើកឱ្យដំណើរការស្ពានមិត្តភាពថៃ-ឡាវទី៥ រវាងខេត្តបឹងកាន និងខេត្តបូលីខេមសៃ ដែលនឹងបញ្ចប់នៅក្នុងខែធ្នូឆ្នាំនេះផងដែរ។
គម្រោងមួយទៀតនឹងចាប់ផ្តើមនៅក្នុងខែកក្កដាខាងមុខ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវលេខ១២ ក្នុងប្រទេសឡាវ ដែលជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់ដែលតភ្ជាប់ខេត្តនគរភ្នំរបស់ប្រទេសថៃ ជាមួយប្រទេសឡាវ វៀតណាម និងភាគខាងត្បូងប្រទេសចិន។
ភាគីទាំងពីរក៏នឹងស្វែងយល់អំពីលទ្ធភាពនៃការតភ្ជាប់ផ្លូវដែកចម្ងាយ ១០គីឡូម៉ែត្រនៅក្នុងទីក្រុងវៀងច័ន្ទន៍ ដើម្បីតភ្ជាប់ផ្លូវដែកថៃ-ឡាវជាមួយនឹងខ្សែផ្លូវដែកឡាវ-ចិនសម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។
ប្រទេសថៃក៏បានស្នើសុំភ្ជាប់អាកាសយានដ្ឋានសុវណ្ណាខេត្តរបស់ប្រទេសឡាវ ជាមួយអាកាសយានដ្ឋានមុកដាហានរបស់ខ្លួន ដើម្បីបង្កើនការតភ្ជាប់ផ្លូវអាកាស និងបានអំពាវនាវឱ្យមានការសម្របសម្រួលកាន់តែប្រសើរឡើងនៃទំនិញថៃក្នុងការឆ្លងកាត់ទៅកាន់ប្រទេសចិនតាមរយៈប្រទេសឡាវ។ លោក ម៉ារីស បាននិយាយថា ការតភ្ជាប់យ៉ាងពិតប្រាកដនឹងជួយជំរុញឧស្សាហកម្មភស្តុភារក្នុងតំបន់ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





