ក្រុមហ៊ុនចិនចំនួនបួននឹងវិនិយោគក្នុងឧស្សាហកម្មរថយន្តអគ្គីសនីរបស់ឥណ្ឌូណេស៊ី
AKP ប៉េកាំង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- លោក ផេនឌូ អេសចារៀ (Pandu Sjahrir) ប្រធានផ្នែកវិនិយោគ (CIO) នៃទីភ្នាក់ងារគ្រប់គ្រងការវិនិយោគដាយ៉ា អាណាងហ្គាតា នូសាន់តារ៉ា (Daya Anagata Nusantara)របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសកលលោក ស្តីពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ និងផ្លូវ នៅទីក្រុងហ្សាការតាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ថា ក្រុមហ៊ុនចិនចំនួនបួននឹងវិនិយោគ និងបង្កើតរោងចក្រផលិតទាក់ទងនឹងរថយន្តអគ្គីសនី (EV)នៅក្នុងប្រទេសឥណ្ឌូណេស៊ី។
លោកបានសង្កត់ធ្ងន់ថា ការវិនិយោគរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងនាំមកនូវផលប្រយោជន៍ជាច្រើនមិនត្រឹមតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូណេស៊ីផងដែរ។
យោងតាមលោក ម៉ាហាឌី ទុងគុល វីកាកសូណូ (Mahardi TunggulWicaksono) នាយកដែនសមុទ្រ បរិក្ខារដឹកជញ្ជូន និងឧស្សាហកម្មឧបករណ៍ការពារ (IMATAP) នៃក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី បានឱ្យដឹងថា ក្រុមហ៊ុនរថយន្តជាច្រើនមកពីទាំងប្រទេសចិន និងអឺរ៉ុបកំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកការវិនិយោគនៅក្នុងវិស័យ EVនិងអាគុយរបស់ឥណ្ឌូណេស៊ី។
លោកបាននិយាយថា ការចាប់អារម្មណ៍ដែលកំពុងកើនឡើងនេះត្រូវបានជំរុញមួយផ្នែកដោយពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដែលបានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងនោះឱ្យផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ពួកគេ ដោយលោកបានបន្ថែមថា ភាពតានតឹងផ្នែកពាណិជ្ជកម្មដូចជាសង្គ្រាមពន្ធនោះមិនមែនតែងតែនាំមកនូវលទ្ធផលអវិជ្ជមានទាំងអស់នោះទេ។ តាមពិតទៅ ពួកគេបានជំរុញនូវរលកនៃបណ្តាក្រុមហ៊ុនបរទេសឱ្យពិចារណាផ្លាស់ប្តូរទីតាំង ឬពង្រីកការវិនិយោគរបស់ពួកគេទៅកាន់ប្រទេសឥណ្ឌូណេស៊ី។
តម្លៃពិតប្រាកដនៃការវិនិយោគដែលមានសក្តានុពលកំពុងស្ថិតក្រោមកិច្ចពិភាក្សានៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនទាំងអស់នោះមានផែនការរយៈពេលវែង ហើយកំពុងស្វែងរកការផ្ទេរផ្នែកខ្លះនៃប្រតិបត្តិការដែលមានស្រាប់របស់ពួកគេទៅកាន់ប្រទេសឥណ្ឌូណេស៊ី៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





