ក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលខេត្ដព្រះសីហនុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយវិនិយោគិនលើគម្រោង ចំណតឆ្លាតវៃ ក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រដ្ឋបាលខេត្តព្រះសីហនុ បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ជាមួយវិនិយោគិនលើ “គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន” ដើម្បីផ្ដល់ឱកាសជូនដល់វិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅក្នុងខេត្ដព្រះសីហនុ។ សិក្ខាសាលានេះ បានធ្វើឡើងនារសៀលថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក ឯម ភាព អភិបាលរង ខេត្តព្រះសីហនុ និងជាតំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានអ្នកចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឯកជនក្នុងវិស័យសាងសង់ ប្រតិបត្តិការចំណត និង ការអភិវឌ្ឍអចលនទ្រព្យ ស្ថាប័នហិរញ្ញវត្ថុ ការិយាល័យមេធាវី ក្រុមហ៊ុនធានារ៉ាប់រង និង តំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណជាង ១៤០ នាក់។

ក្នុងឱកាសនោះ ឯកឧត្តម មាស សុខសេនសាន បានរម្លឹកអំពីសាវតារនៃ “គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ” ដែលជាគម្រោងចំណតសាធារណៈដំបូងគេមួយ ដែលត្រូវបានសម្រេចរៀបចំអភិវឌ្ឍ តាមយន្តការ ភាពជាដៃគូ រវាងរដ្ឋ និងឯកជន។ ស្របតាមផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួនទៅជា “ទីក្រុងទំនើប និង ឆ្លាតវៃ ប្រកបដោយបរិយាប័ន្ន” រដ្ឋបាលខេត្តព្រះសីហនុ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រជុំពិភាក្សា និង ពិនិត្យឃើញពីសក្តានុពលនៃការរៀបចំអភិវឌ្ឍ និង អនុវត្ត “គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ” ដើម្បីផ្តល់ឱកាសជូនវិស័យឯកជន ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈជំនាញ បច្ចេកទេស បច្ចេកវិទ្យា និង ទុនវិនិយោគ ដែលនឹងក្លាយជាម៉ូដែលមួយសម្រាប់ការអភិវឌ្ឍគម្រោងចំណតសាធារណៈ និង ទីក្រុងឆ្លាតវៃដទៃទៀត ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់បន្ថែមថា “គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ” នឹងចូលរួមដោះស្រាយបញ្ហាកង្វះចំណតសាធារណៈ ពង្រឹងសណ្ដាប់ធ្នាប់នៃការចតយានជំនិះក្នុងក្រុងព្រះសីហនុ និង បង្កើតជាអគារចំណតឆ្លាតវៃ ប្រកបដោយសុវត្ថិភាព សុខុមាលភាព និង តម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ។

ជាមួយគ្នានេះ លោក ឯម ភាព អភិបាលរង ខេត្តព្រះសីហនុ និង ជាតំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់វិនិយោគិនទាំងអស់ ពិចារណា និងសិក្សាលើគម្រោងវិនិយោគនេះ ដោយចាប់ផ្តើមគិតពីឱកាសទីតាំងគម្រោង បរិយាកាសវិនិយោគអំណោយផល ការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរមូលដ្ឋាន និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងមួយនេះអាចឈានទៅអនុវត្តន៍បាន និងចេញជារូបរាង នាពេលខាងមុខ។ លោកអភិបាលរងខេត្ដក៏បានគូសបញ្ជាក់ផងដែរថា ជាវឌ្ឍនភាព “គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ” បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពពេញលេញរួចហើយ និងគ្រោងធ្វើកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជនអនុវត្តន៍គម្រោង ចាប់ពីត្រីមាសទី៣ ឆ្នាំ ២០២៥ ខាងមុខនេះ។

ឯកឧត្តម មាស សុខសេនសាន ក៏បានកត់សម្គាល់ថា សិក្ខាសាលាដ៏មានសារសំខាន់មួយនេះ បានប្រព្រឹត្តទៅដោយរលូន និង ប្រកបដោយផ្លែផ្កា ដោយមានការចូលរួមមតិយ៉ាងផុសផុលពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍ ហើយសង្ឃឹមថាវិស័យឯកជន នឹងចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល ក្នុងបង្កើតសមិទ្ធផលផ្សេងៗទៀត មិនត្រឹមតែគម្រោងចំណតឆ្លាតវៃមួយនេះ នោះទេ។

សូមជម្រាបជូនថា ជាលទ្ធផលនៃសិក្ខាសាលានេះ ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការពិនិត្យយ៉ាងលម្អិតលើធាតុចូលដែលទទួលបាន ដើម្បីបន្តសម្រិតសម្រាំងលទ្ធផលការសិក្សា និង ឯកសារដេញថ្លៃបន្ថែមទៀត ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង បន្ស៊ីគ្នារវាងតម្រូវការរបស់រដ្ឋ និង វិស័យឯកជន៕




ដោយ៖ រិទ្ធី





