ពិធីសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តចន្ទសុរិយា ខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវត្តចន្ទសុរិយា ហៅវត្តក្រឡាញ់ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដួង ផង់ នន្ទិយោព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តាជី ដូនជី សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនាក់ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ បានមានប្រសាសន៍ថា សមិទ្ធផលនានានៅក្នុងវត្តក្រឡាញ់ ដែលដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះដែលបានឧបត្ថម្ភ និងគាំទ្ររបស់រាជរដ្ឋាភិបាល មាន កុដិ សាលាពុទ្ធិក ផ្លូវ ក្លោងទ្វារវត្ត ការចាក់ដីបំពេញទីធ្លាវត្ត របង អណ្តូងទឹក បន្ទប់ទឹក និង ដាក់អំពូលពន្លឺព្រះអាទិត្យ ដែលសមិទ្ធផលទាំងអស់នេះ គឺបានកើតចេញពីសទ្ធាជ្រះថ្លាពីសំណាក់ បងប្អូនប្រជាពលរដ្ឋពុទ្ធិបរិស័ទ្ទ និង សប្បុរសជនក្នុងនិងក្រៅប្រទេសផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាន៍បន្តថា រាជរដ្ឋាភិបាលបានលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាផ្សេងៗទៀតពោលគឺកម្ពុជា បានផ្តល់សិទ្ធិសេរីភាពជំនឿ និងសាសនា យ៉ាងពេញលេញដល់ពលរដ្ឋ។ ទំាងវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមមណ្ឌល ជីវភាពខាងស្មារតី ចូលរួមការអភិវឌ្ឍ អប់រំសង្គម ខាងផ្នែកវប្បធម៌ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ព្រមទាំងពង្រឹងសុខុដុមនីយកម្ម រវាងគ្រប់សាសនា។

ការរំលឹកឡើងវិញរបស់ឯកឧត្តមបានបញ្ជាក់ថា រាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើង បែងចែកក្នុងចំណោមប្រជាជន ជាការចាំបាច់ណាស់ដែលត្រូវប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លាក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ និងគោរពច្បាប់ចរាចរ ដើម្បីការពារ អាយុជីវិត ធ្វើយ៉ាងណាកុំឱ្យឱកាសធ្វើបុណ្យទាន សប្បាយរីករាយ ក្លាយជាទុក្ខ។ ក្នុងនោះយុវជននិងកុមារ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ បញ្ហាគ្រឿងញៀន និងបំផ្លាញអាយុជីវិត គ្រួសារ និងសង្គមជាតិ។

សូមបញ្ជាក់ផងដែរ ឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ និងគណៈអធិបតី បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នូវកុដិ សាលាពុទ្ធិក ផ្លូវ ក្លោងទ្វារវត្ត និងសមិទ្ធផលនានាក្នុងវត្តផងដែរ៕

ដោយ បៃ ស៊ីថុន





