អភិបាលស្រុកស្ទោងថ្លែងអំណរគុណដល់សប្បុរសជនដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលស្រុកក្នុងការកិច្ចការមនុស្សធម៌
AKP កំពង់ធំ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណដល់សប្បុរសជនដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលស្រុក ក្នុងកិច្ចការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត និងងាយរងហានិភ័យក្នុងឱកាសដែលលោក និងសប្បុរសជនអញ្ជើញចុះសួរសុខទុក្ខលោក ណាត វណ្ណា ដែលកំពុងសម្រាកព្យាបាលរបួសនៅគេហដ្ឋានភូមិកំពង់ក្តី ឃុំកំពុងចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានកោតសរសើរដល់លោក ថេង ណាល់ តំណាងលោកលោក ទៀ ឆាយវេង ប្រធានក្រុមសប្បុរសជនជូនសង្គមនិងសមាជិកសមាជិកា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់និងបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការធ្វើកិច្ចការមនុស្សធម៌និងអភិវឌ្ឍន៍មូលដ្ឋានគួរឱ្យស្ញប់ស្ញែងក្រៃលែង។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវខិតខំយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខ សុខុមាលភាពប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗ ឬងាយរងហានិភ័យ ដើម្បីមានលទ្ធភាព និងឱកាសគ្រប់គ្រាន់ក្នុងការជួយឧបត្ថម្ភគាំទ្រ និងទ្រទ្រង់ជីវភាពពួកគាត់បានទាន់ពេលវេលា និងឆាប់បានប្រសើរឡើង។

សូមបញ្ជាក់ថា លោក ណាត វណ្ណា បានជួបឧបទ្ទវហេតុឆក់ចរន្តអគ្គិសនីកាលពីពេលថ្មីៗកន្លងទៅនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងក្រុមសប្បុរសជនជួយសង្គមបានឧបត្ថម្ភថវិកាចំនួន១៨៥ដុល្លារ និង១៧ម៉ឺនរៀល ព្រមទាំងអង្ករ៣បេ មី០១កេស ត្រីខ១យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យួរផងដែរ៕
ដោយ ស៊ុម វណ្ណា





