សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំផ្សព្វផ្សាយស្តីពី “រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ”
AKP កំពង់ធំ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមជាមួយលោកស្រី ឡាក់ សៅចាន់ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្ដាន់ ព្រមទាំងមន្ត្រីក្រុមប្រតិបត្តិ និងមន្ត្រីប្រចាំការអនុសាខា បានចុះផ្សព្វផ្សាយស្តីពី “រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ” ជូនដល់ទីប្រឹក្សានិងយុវជនកាកបាទក្រហមសិស្សានុសិស្សសរុបចំនួន១៥០០នាក់ (ស្រីចំនួន៨១១នាក់) ក្នុងវិទ្យាល័យសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកស្រី ឡេង សុឃីម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្អូនៗដែលមានវត្តមានទីនេះទាំងអស់។ គោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហម និងសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់ និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។ ជាពិសេសដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ "រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់និងអាកាសធាតុ" និងគម្របខួប៧០ ឆ្នាំ របស់កាកបាទក្រហម។ ដើម្បីឱ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង៤ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា៖ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើមស្របតាមទិសស្លោក "ស្រឡាញ់ខ្លួនស្ងួនចំណី"។

លោកស្រី ឡាក់ សៅចាន់ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្ដាន់ បានលើកឡើងថា ដើម្បីឱ្យសហគមន៍មានភាពធន់និងអាកាសធាតុគឺចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិនដុតឬកប់សំបកដបជ័រក្នុងដី។ឆ្លៀតក្នុងឱកាសនេះដែរលោកស្រីក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារជំងឺគ្រុនឈាម ការជួយសង្គ្រោះបឋមជនរងគ្រោះស្លាក់ និងវិធីឃាត់ឈាម ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន៕



ដោយ ស៊ុម វណ្ណា





