ជំនួបអាទិភាពរបស់រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ជាមួយអគ្គនាយកអង្គការសុខភាពពិភពលោក ក្នុងវេលាដ៏មមាញឹកនាមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៨
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- អំឡុងពេលចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជាត្រូវបានទទួលស្វាគមន៍សំណេះសំណាលជាលក្ខណៈទ្វេភាគីដោយ ឯកឧត្តម អគ្គនាយកអង្គការសុខភាពពិភពលោក HE Dr Tedros Adhanom Ghebreyesus នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបដ៏ស្និទ្ធស្នាលពិសេសដោយឡែកនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជម្រាបថ្លែងអំណរគុណជូនដល់ ឯកឧត្តមអគ្គនាយក WHO អំពីការគាំទ្ររបស់អង្គការសុខភាពពិភពលោក មកដល់សុខាភិបាលកម្ពុជា និងបានបញ្ជាក់ជូនអំពីអនុលោមភាពរបស់កម្ពុជាជាមួយបេសកម្មរបស់ អង្គការសុខភាពពិភពលោក។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជម្រាបជូនអំពីចំណុចសំខាន់ៗនៃវឌ្ឍនភាពសុខាភិបាលកម្ពុជារួមមាន៖ ១- ការលើកកម្ពស់សុខភាព សុខុមាលភាពសហគមន៍ (PHC, Primary Health Care) តាមរយៈការដាក់ចេញយុទ្ធនាការអប់រំសុខភាពបឋម ការពង្រីកការចាក់វ៉ាក់សាំង។ ២- ការពង្រីកការថែទាំព្យាបាលនិង ផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លងក្នុងសហគមន៍។ ៣- ការប្រកាសដាក់ឱ្យដំណើរការផែនការសកម្មភាពបង្ការ និងគ្រប់គ្រងជំងឺមហារីក ២០២៥-២០៣៣។ ៤- ឥរិយាបថបុរេសកម្មលើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទដោយក្រុមការងារជំនាញឆ្លើយតបបន្ទាន់។ ៥- ការរៀបចំ និងដាក់ដំណើរការផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ (HSP4) ២០២៥-២០៣៣ ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ដ៏ទូលំទូលាយដែលស្របតាម SDGs និងចក្ខុវិស័យនៃការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ផែនការនេះបង្ហាញទិសដៅយុទ្ធសាស្ត្រចំនួន ៥៖ ក) ការពង្រឹងការថែទាំសុខភាពបឋម និងសេវាសំខាន់ៗ ខ) ការលើកកម្ពស់ធនធានមនុស្សសម្រាប់សុខភាព គ) ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន និងអភិបាលកិច្ចសុខាភិបាល ឃ) ពង្រីកប្រព័ន្ធសុខភាពឌីជីថល និងព័ត៌មាន ង) ការកសាងភាពធន់នឹងប្រព័ន្ធសុខភាព និងការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានរំលឹកដល់អនុស្សាវរីយ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ ដែលបានចារឹកក្នងបេះដូងកម្ពុជា និងពិភពលោក ខណៈកាលណោះ ជំងឺកូវីដ-១៩ ដ៏កាចសាហាវកំពុងយកជីវិតមនុស្សលោក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រផ្តល់ការអនុញ្ញាត និងចេញទៅទទួលយកដោយខ្លួនលោកផ្ទាល់ នូវអ្នកធ្វើដំណើរតាមនាវា អឹមអេស វេស្ទើរដាម ចំនួន ២២៥៧រូប ដែលត្រូវបានអនុញ្ញាតឱ្យចូលចត និងសង្គ្រោះនៅកម្ពុជា ចំថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃនៃក្តីស្រឡាញ់ (Valentine’s Day) ខណៈនាវានេះត្រូវបានបដិសេធមិនឱ្យចូលចតនៅបណ្តាប្រទេសនានា។ ការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំកម្ពុជា ជាវីរភាពដែលបញ្ជាក់នូវអត្ថន័យដ៏ជ្រាលជ្រៅបំផុតគឺ៖ ទី១. សេចក្តីក្លាហាន (courage) ទី២. ការឆ្លើយតបទាន់ពេលវេលា (timely reactive) ៣. អត្ថន័យនៃអាទិភាពលើអាទិភាព (sense of priorities) ទី៤. ដំណោះស្រាយសុខភាពសាធារណៈដែលចាប់ផ្តើមមានបញ្ហា (public health problems solving) និងទី៥. សិទ្ធិដែលត្រូវរស់រាមានជីវិតរបស់អ្នកដំណើរដែលជាប់គាំងលើនាវា (Right to live and humanity)។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយកអង្គការសុខភាពពិភពលោក (DG-WHO) បានសម្ដែងការកោតសរសើរចំពោះសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ របស់អង្គការសុខភាពពិភពលោក ដោយទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កន្លងមក និងបានបញ្ជាក់ការគាំទ្ររបស់លោកលើអទិភាពសំខាន់ៗរបស់សុខាភិបាលកម្ពុជា។ ឯកឧត្តមអគ្គនាយកមានប្រសាសន៍បន្ថែមថា «យើងត្រូវរំលឹកដល់គ្រប់ៗគ្នា និងរំលឹកដល់ពិភពលោក អំពីបទពិសោធន៍នៃនាវា អឹមអេស វេស្ទើរដាម៖ កម្ពុជាប្រទេសតូច បេះដូងធំ»៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





