កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ នៃការអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព"
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥នៃការអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង២៩។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេ អភិបាលខេត្តព្រះសីហនុ បានធ្វើការផ្តាំផ្ញើដល់ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងមន្ទីរ អង្គភាពបន្តគាំទ្រគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីរួមគ្នាបម្រើផលប្រយោជន៍ប្រជាជនតាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ មានសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាព មានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។ ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានពាក់ព័ន្ធជាមួយរដ្ឋបាលឃុំ សង្កាត់ និងច្រក ចេញចូលតែមួយក្រុង ស្រុក ខេត្ត មន្ទីរអង្គភាពដែលមានការពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលដ្ឋតាមច្រកចេញចូលតែមួយ។ ចំពោះបទល្មើសត្រូវពង្រឹងបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលជាបន្ទុកធ្ងន់ធ្ងរដល់ក្រុមគ្រួសារ ដែលទាមទារឱ្យយើងធ្វើការដោះស្រាយទាន់ពេលវេលា រួមគ្នាបង្ការទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ហើយសកម្មភាពនេះត្រូវធ្វើដូចភ្លៀងរលឹម ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយប្រើប្រាស់យន្តការគោលនយោបាយឈ្នះឈ្នះ ចំពោះបញ្ហាអនាម័យ បរិស្ថាន សុខភាពសាធារណៈ ត្រូវអនុវត្តឱ្យបានម៉ត់ចត់ ដោយប្រើយន្តការផ្សព្វផ្សាយទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ការគ្រប់គ្រងសំរាម ក៏ជាបញ្ហាប្រឈមជាមួយទេសចរណ៍ផងដែរ ត្រៀមបង្ការគ្រោះមហន្តរាយនានាដោយប្រើប្រាស់កម្លាំងសរុបនៅក្នុងមូលដ្ឋាន។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់ក្រុង ស្រុកទាំង៦ ឃុំ សង្កាត់ទាំង២៩ ត្រូវដាក់បង្ហាញលេខទូស័ព្ធ hotline នៅតាមទីសាធារណ ដើម្បីមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលត្រូវការចាំបាច់ក្នុងការរាយការណ៍មកកាន់សមត្ថកិច្ចបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសបានទាន់ពេលវេលា។


ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់សមត្ថកិច្ចអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានធ្វើការវាយតម្លៃនូវចំណុចខ្លាំង និងបញ្ហាប្រឈមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ព្រមទាំងបានឯកភាពលើរបាយការណ៍របស់ស្នងការខេត្ត ការលើកឡើង និងការគាំទ្រចលនាប្រឡងប្រណាំងភូមិឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់ខេត្តព្រះសីហនុមានស្ថេរភាពល្អប្រសើរ ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព មានការកើនឡើង២៦៦លើក ដោយនេះជាជោគជ័យសម្រាប់ប្រជាពលរដ្ឋ។ ការរៀបចំធ្វើវេទិកាសាធារណៈមានការកើនឡើង ចលនាប្រជាការពារក៏មានការកើនឡើង ជាពិសេសការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ កាត់បន្ថយ បទល្មើសបានជាអតិបរិមានៅមូលដ្ឋាន។ ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍នៅតែមានការកើនឡើងដែលជាកង្វល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ត្រូវមានការចូលរួមអប់រំនៅក្នុងគ្រួសារ សាលារៀន ពិសេសមន្ត្រីរាជការ កងកម្លាំងរបស់យើង ហើយគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិត ជាពិសេសផ្នែកសុខភាព យើងត្រូវ យកចិត្តទុកដាក់រួមគ្នាក្នុងការអប់រំផ្សព្វផ្សាយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បញ្ហាក្រុមក្មេងទំនើង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងជាបន្តបន្ទាប់មិនត្រូវមានការលើកលែង។ ដោយឡែកនៅខេត្តព្រះសីហនុ ក្រុមក្មេងទំនើងកើតមាន១១ករណី យើងត្រូវរួមគ្នាកាត់បន្ថយកុំឱ្យមានក្មេងទំនើង ដោយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ទោះបីគ្រឿងញៀនមានការថយចុះ ៣១ករណី ត្រូវបន្តយកចិត្តទុកដាក់សំខាន់លើការចែកចាយ ការផលិត និងចរាចរណ៍គ្រឿងញៀន នេះជាការខិតខំប្រឹងប្រែងរបស់សមត្ថិកិច្ចរបស់យើងក្នុងការចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់សន្តិសុខសង្គម ការបង្ក្រាបល្បែងស៊ីសង ក្នុងត្រីមាសមានការថយចុះ ត្រូវលើកកម្ពស់ទប់ស្កាត់នៃការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការពង្រីកវិសាលភាពនេះ ក្នុងគោលបំណងចូលរួមក្នុងយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់សម្តេច ហ៊ុន ម៉ាណែត ដែលផ្តោតលើវិស័យអាទិភាពចំនួន៥ ក្នុងនោះ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៅកម្ពុជា។


រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ០៧យ៉ាង៖ ១. ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាពទទួលបានជំនឿទុកចិត្ត។ ២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
ដោយ ងូ សុមុនី





