ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍យល់ច្បាស់អំពីទុក្ខលំបាករបស់ប្រទេសដែលមានសង្គ្រាមស៊ីវិល
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥-- លោកស្រី Nellie GUSAYNI ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា បានថ្លែងថា ក្នុងនាមជាជនជាតិលីបង់ម្នាក់ លោកស្រីដឹង និងយល់អំពីទុក្ខលំបាករបស់ប្រទេសដែលមានសង្គ្រាមស៊ីវិល ព្រមទាំងបញ្ហាជាច្រើនដែលត្រូវការពេលវេលាដើម្បីដោះស្រាយ ដោយលោកស្រីបានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាកន្លងមក។ ការថ្លែងរបស់លោកស្រី Nellie GUSAYNI ដូចនេះក្នុងឱកាសដែលលោកស្រីចូលជួបពិភាក្សាការងារជាមួយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

លោកស្រី Nellie GUSAYNI បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិតថា លោកស្រីទទួលស្គាល់ថាបញ្ហាជួញដូរមនុស្សវាមានវិសាលភាពធំធេង និងជាការគំរាមកំហែងពិភពលោកមិនមែនតែប្រទេសកម្ពុជាតែមួយនោះឡើយ និងថាបញ្ហានេះមិនអាចដោះស្រាយបានដោយផ្អែកតែលើរដ្ឋាភិបាល នៃប្រទេសមួយនោះទេ គឺត្រូវតែមានការគាំទ្រសហការ រួមទាំងពីអង្គការបរទេស។ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហការ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។

ជាការឆ្លើយតប ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះលោកស្រីប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្រចាំកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយក្រសួងមហាផ្ទៃកម្ពុជា ព្រមទាំងការជួយគាំទ្រដល់ប្រទេសកម្ពុជាទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនួយសម្ភារបច្ចេកទេសជាបន្តបន្ទាប់បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណអង្គការមួយនេះផងដែរដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា រហូតទទួលបានការទទួលស្គាល់ជាប្រទេសជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ក្នុងនាមជាប្រទេសជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញា និងការគាំទ្រឱ្យកម្ពុជាធ្វើជាសហប្រធានជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិពាក់ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសជ័យលាភីក្នុងតំបន់ថែមទៀតផង។

ក្នុងជំនួបនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Nellie GUSAYNI បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហការដ៏ស្អិតល្មួតរវាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងរាជរដ្ឋាភិបាលកម្ពុជានឹងបន្តដំណើរទៅមុខទៀត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





