ស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដានឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥-- ស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា លោកស្រី Sara Wilshaw នឹងដឹកនាំគណៈប្រតិភូមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកើនដល់ ២,៤ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាណាដាបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ខាងមុខនេះ លោកស្រី Sara Wilshaw ស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា និងជាឧបការីអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៃក្រសួងការបរទេសកាណាដា នឹងដឹកនាំគណៈប្រតិភូ ដែលជាផ្នែកមួយនៃបេសកកម្មពាណិជ្ជកម្មក្រុមកាណាដាសម្រាប់ឆ្នាំ២០២៥ (TCTM) មកបំពេញទស្សនកិច្ចនៅប្រទេសថៃ និងកម្ពុជា។
ប្រភពដដែលបានឱ្យដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី Wilshaw នឹងមានការចូលរួមដោយតំណាងចំនួន ៩០នាក់ មកពីស្ថាប័នកាណាដាជាង ៥០ ដែលស្វែងរកឱកាសពាណិជ្ជកម្ម និងភាពជាដៃគូ នៅក្នុងសេដ្ឋកិច្ចអាស៊ានដ៏រស់រវើកនេះ។

លោកស្រី Wilshaw នឹងមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជារួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងទីប្រឹក្សានាយករដ្ឋមន្ត្រី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម។ កិច្ចពិភាក្សា នឹងលើកឡើងពីអាទិភាពពាណិជ្ជកម្ម និងការវិនិយោគរួម ឱកាសតាមវិស័យ និងវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា។
សេចក្ដីប្រកាសបានបញ្ជាក់ថា បេសកកម្មនេះ គឺបំពេញបន្ថែមលើទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីដំណើរទស្សនកិច្ចផ្សព្វផ្សាយជំរុញការវិនិយោគទៅកាន់ប្រទេសកាណាដារបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៤។
ក្នុងនាមជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្រោមយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់កាណាដា និង យុទ្ធសាស្រ្តពិពិធកម្មពាណិជ្ជកម្ម TCTM ជួយដល់ក្រុមហ៊ុននាំចេញ និងក្រុមហ៊ុនច្នៃប្រឌិតកាណាដា ឱ្យពង្រីកខ្លួនទៅកាន់ទីផ្សារយុទ្ធសាស្ត្រនៅកម្រិតសកល ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងកសាងភាពជាដៃគូ រយៈពេលវែង ប្រកបដោយបរិយាបន្ន តាមរយៈការចូលរួមដោយផ្ទាល់ជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្ត សំខាន់ៗ និងភាគីពាក់ព័ន្ធក្នុងស្រុក។
គួរបញ្ជាក់ដែរថា ពាណិជ្ជកម្មទំនិញទ្វេភាគីរវាងកាណាដា និងកម្ពុជា កើនដល់២,៤ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤ ដោយប្រទេសកាណាដាឈរនៅលំដាប់ទី៤ នៃទីផ្សារនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់កម្ពុជា។ ដោយឡែក ការវិនិយោគដោយផ្ទាល់របស់កាណាដានៅកម្ពុជា កើនដល់២,៩ប៊ីលានដុល្លារ៕
ដោយ៖ ស្រីពេជ្រ





