កិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥
AKP សៀមរាប ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥-- គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព) ប្រចាំត្រីមាសទី១ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ចុះមូលដ្ឋានខេត្តសៀមរាប អមដោយលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត លោក សំកុល សុចិត្រា អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ អង្គភាពពាក់ព័ន្ធ អធិការដ្ឋាននគរបាល បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេប៉ុស្តិ៍ មេឃុំ សង្កាត់ប្រមាណ ៣០០នាក់ចូលរួម។

ក្នុងកិច្ចប្រជុំនោះ លោក សំកុល សុចិត្រា បានរាយការណ៍សង្ខេបពាក់ព័ន្ធទៅនឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រុមការងារបានអនុវត្តកន្លងមក ដោយបានបញ្ជាក់អោយដឹងថា ការបង្ក្រាបបទល្មើសនានានៅក្នុងត្រីមាសទី១នេះមានការថយចុះ ប៉ុន្តែបទល្មើសចរាចរណ៍មានការកើនឡើង។ ហើយជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានលើកឡើងនូវបញ្ហាចោទជាចម្បងគឺឧបករណ៍ផ្តល់ព័ត៌មានសាធាណៈសម្រាប់ឱ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកើតមានឡើង ដើម្បីផ្តល់ដំណឹងដល់សមត្ថកិច្ចក្នុងការចុះជួយធ្វើអន្តរាគមន៍។

ក្រោយពីបានស្តាប់នូវរបាយការណ៍ និងការលើកឡើងពីសំណាក់មន្រ្តីពាក់ព័ន្ធនានានៃរដ្ឋបាលភូមិ ឃុំ សង្កាត់នៃខេត្តសៀមរាបមក ឯកឧត្តម សួស អង្គារ៍ បានណែនាំទៅដល់អង្គប្រជុំ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធនឹងបទល្មើសនានាឱ្យបានម៉ឺងម៉ាត់ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ រិឯបទល្មើសដែលឯកឧត្តម សួស អង្គារ៍ បានលើកឡើងនោះមានដូចជា បទល្មើសជលផល បទល្មើសធនធានធម្មជាតិ ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍។


ឯកឧត្តមបានបញ្ជាក់ថា ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺកើតចេញពីការចូលរួមពីយើងគ្រប់រូបនៅក្នុងមូលដ្ឋាន។ ដូច្នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជម្រុញ ពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អ។ ហើយម្យ៉ាងទៀតត្រូវពង្រឹងការគ្រប់គ្រងអ្នកធ្វើចំណាកស្រុក និងត្រូវត្រៀមលក្ខណៈឆ្លើយតប បញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់ និងជំងឺរាតត្បាតផ្សេងៗឱ្យមានប្រសិទ្ធភាព៕
ដោយ ហង្ស សៀក





