ទីម័រឡេស្តេ អរគុណអាស៊ាន ជាពិសេសសម្តេចតេជោ ដែលបានជ្រោមជ្រែងឱ្យខ្លួនបានក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន នាចុងឆ្នាំនេះ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ --
ប្រទេសទីម័រឡេស្តេ នឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន ជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខ នេះបើយោងតាមសារបង្ហោះរបស់ឯកឧត្តម Jose Ramos Horta ប្រធានាធិបតីទីម័រឡេស្តេ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តមប្រធានាធិបតី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីអាស៊ានទាំងអស់ ដែលបានចូលរួមចំណែកដល់ការចូលជាសមាជិកពេញសិទ្ធរបស់ទីម័រឡេស្តេ ក្នុងគ្រួសារអាស៊ាននេះ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim បានប្រកាសថា ប្រទេសទីម័រឡេស្តេនឹងចូលជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ ខាងមុខនេះ ដែលគ្រោងធ្វើនៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាខែតុលា។
ឯកឧត្តម នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រប់ភាគីទាំងអស់ ទាំងក្នុងអាស៊ាន និងក្រៅតំបន់ ដែលបានរួមចំណែកដោយមិននឿយហត់ដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ឯកឧត្តមក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តមិនងាករេចំពោះសាមគ្គីភាព និងបរិយាបន្ននៅក្នុងតំបន់ ហើយនេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ មិនត្រឹមតែសម្រាប់ទីម័រឡេស្តេប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់គ្រួសារអាស៊ានទាំងមូលផងដែរ។
នៅថ្ងៃដដែលនេះ គណៈប្រតិភូប្រធានរដ្ឋសភាទីម័រឡេស្តេ បានជួបមិនផ្លូវការជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា។

នៅក្នុងជំនួបនោះ ភាគីទីម័រឡេស្តេបានសម្តែងនូវក្តីរីករាយណាស់ចំពោះដំណឹងដែលទីម័រឡេស្តេនឹងចូលជាសមាជិកពេញសិទ្ធរបស់អាស៊ាននៅចុងឆ្នាំនេះ និងសំដែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងចំពោះទីម័រឡេស្តេ៕
ដោយ ផែន រតនៈ





