សម្រាប់កាលបរិច្ឆេទប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នឹងធ្វើនៅថ្ងៃទី០២ និងទី០៣ ខែមិថុនា ខាងមុខ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥--
សម្រាប់កាលបរិច្ឆេទប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នឹងធ្វើនៅថ្ងៃទី០២ និងទី០៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដោយគ្រោងពិភាក្សា និងអនុម័តប្រធានបទ ចំនួនបី ក្នុងនោះរួមមាន ប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។


គួរបញ្ជាក់ដែរថា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយមានវត្តមានចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធ សភា ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ព្រមទាំងវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាផងដែរ។


កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានដំណើរតាមរបៀបវារៈនិងបានសម្រេចលទ្ធផល ១-បានអនុម័តលើសំណើសុំបញ្ចូលក្នុងរបៀបវារៈប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា រួមមាន ១១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។ ១.២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ១.៣-ប្រធានបទអំពីវិស័យកសិកម្ម។ សំឡេងអនុម័តរបៀបវារៈនេះ មានចំនួន ៥សំឡេងនៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។ ទន្ទឹមនេះ កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានអនុម័តនូវសមាសភាពលេខាធិការអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន ៤រូប មាន ១-ឯកឧត្តម ឃុត ចាន់ដារ៉ា ២-ឯកឧត្តម សេង ញ៉ក់ ៣-ឯកឧត្តម ម៉ាន់ ឈឿន និង៤-ឯកឧត្តម ឈើយ ចាន់ណា ដែលសំឡេងអនុម័តរបៀបវារៈនេះ មានចំនួន ៥សំឡេងនៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។ ជាមួយនេះដែរ កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានអនុម័តសេចក្តីព្រាងរបៀបវារៈ និងកាលបរិច្ឆេទប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី០២និងទី០៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ នៅវិមានរដ្ឋសភា ដែលមានរបៀបវារៈចំនួនបី រួមមាន របៀបវារៈទី១-ការពិភាក្សា និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។ របៀបវារៈទី២-ការពិភាក្សា និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ របៀបវារៈទី៣-ការពិភាក្សា និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម។
សំឡេងអនុម័តរបៀបវារៈនេះ មានចំនួន៥សំឡេងនៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូលផងដែរ៕
ដោយ៖ ជឹម ណារី





