កូនផ្សោតថ្មីមួយក្បាលប្រទះឃើញនៅខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥--
អង្គការ WWF-កម្ពុជា រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល សហគមន៍មូលដ្ឋាន ស្វាគមន៍កូនផ្សោតថ្មី១ក្បាល អាយុប្រមាណ២ថ្ងៃ ដែលត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ។

ដើម្បីគាំទ្រដល់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ រដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា កំពុងបន្តធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និងដៃគូដទៃទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល និងបម្រាមនៃការប្រើប្រាស់មងនេសាទក្នុងទីជម្រករបស់សត្វផ្សោត និងបន្តផ្តល់នូវជម្រើសមុខរបរសម្រាប់ការចិញ្ចឹមជីវិតដល់សហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គ បន្តការអប់រំបរិស្ថាន និងការផ្សព្វផ្សាយនៅសហគមន៍មូលដ្ឋាន ព្រមទាំងបន្តការស្រាវជ្រាវ និងតាមដានស្ថានភាព និងចំនួនសត្វផ្សោត៕
ដោយ ណយ នឿន (ប្រភព៖ WWF)





