ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីជំនាញ ចុះពិនិត្យលូប្រឡាយ រំដោះទឹកនៅខណ្ឌភាគខាងលិចឈៀងខាងត្បូង រាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យលូប្រឡាយរំដោះទឹកជំនន់ នៅខណ្ឌចំនួន៥ នៅភាគខាងលិច ឈៀងខាងត្បូង រាជធានីភ្នំពេញ មានខណ្ឌសែនសុខ ពោធិ៍សែនជ័យ កំបូល មានជ័យ និងខណ្ឌដង្កោ ដើម្បីរកមធ្យោយក្នុងការបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀង នៅរដូវវស្សានេះ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យមើលប្រឡាយអបផ្លូវរទេះភ្លើងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ពិនិត្យមើលប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ ប្រឡាយទួលពង្រ និងពិនិត្យមើលការជីកស្តារប្រឡាយភូមិម័លនៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ និងខណ្ឌមានជ័យ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងការចុះពិនិត្យ មើលលូប្រឡាយខាងលើនេះ ឯកឧត្ដមអភិបាលរាជធានីបានជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរសាធារណការ ត្រូវកាយប្រឡាយអូលែ ក្នុងវីទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ជាមួយនឹងការដាក់លូប្រអប់ទំហំ៦ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣ ឱ្យបន្តហូរទៅប្រឡាយទួលពង្រ ដើម្បីពន្លឿនទឹកឱ្យហូរបានលឿនពីផ្លូវជាតិលេខ៤ ។រកវិធីរំដោះទឹកពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅប្រឡាយទួលពង្រដែរ។

ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលបានជំរុញឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជីកស្តារប្រឡាយភូមិម័លនៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ និងខណ្ឌមានជ័យ ដែលស្ថិតក្នុងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក របស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយជីកឱ្យបានជ្រៅពី៥ ទៅ៦ម៉ែត្រ ក្នុងប្រវែងប្រឡាយជិត៣គីឡូម៉ែត្រនេះ៕

ដោយ សួស សំរិត





