ឯកឧត្តម ជា វ៉ាន់ដេត ជួបអ្នកជំនាញ ធុរជន និងនិស្សិតខ្មែរជំនាញបច្ចេកវិទ្យាឌីជីថល នៅរដ្ឋកាលីហ្វ័រញ៉ា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។

ប្រភពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ថា ក្នុងឱកាសបំពេញការងារនៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ព្រមទាំងលើកឡើងពីឱកាសសម្រាប់យុវជនខ្មែរក្នុងការចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស និងជំរុញវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានសម្តែងការកោតសរសើរដល់បញ្ញាវន្តដែលទទួលបានការងារក្នុងក្រុមហ៊ុនបច្ចេកវិទ្យាល្អៗ និងនិស្សិតខ្មែរ ដែលទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងបានផ្តាំផ្ញើដល់ពួកគេឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះជំនាញ ហើយនៅពេលវិលត្រឡប់មកប្រទេសវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្វាគមន៍ទទួល។

អ្នកជំនាញ ធុរជន និងនិស្សិតខ្មែរដែលចូលរួមសុទ្ធតែបានថ្លែងអំណរគុណចំពោះការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយក៏បានលើកឡើងពីសេចក្តីសង្ឃឹម និងការប្តេជាចិត្តក្នុងការយកចំណេះដឹង និងជំនាញមកអភិវឌ្ឍប្រទេសជាតិ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ )





