មន្ត្រីជំនាញ និងអាជ្ញាធរខេត្តសៀមរាបជំរុញឱ្យអ្នកផលិតផលិតផលខិតខំបង្កើនគុណភាពដើម្បីងាយស្រួលក្នុងការប្រកួតប្រជែងទីផ្សារ
AKP សៀមរាប ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥--
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រងផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៥ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយ ផលិតផលមួយឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក យ៉ាន់ វ៉ាន់យ៉ង់ អគ្គលេខាធិការរងគណៈកម្មាធិការជាតិភូមិមួយផលិតផល១ បានថ្លែងថា ចលនាជំរុញភូមិមួយផលិតផលមួយនេះ ជាការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្តេចជានាយករដ្ឋមន្ត្រី។ ចលនានេះមានគោលដៅជួយដល់សហគមន៍ប្រជាពលរដ្ឋឱ្យទទួលបាននូវផលប្រយោជន៍អំពីការផលិតរបស់ពួកគាត់។ ដូច្នេះការចូលជាសមាជិករបស់ភូមិមួយផលិតផលមួយ ជាឱកាសល្អសម្រាប់អ្នកផលិតក្នុងការបង្ហាញផលិតផលរបស់ខ្លួននៅលើទីផ្សារ។

លោក យ៉ាន់ វ៉ាន់យ៉ង់ បានបន្តថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីជំរុញដល់ការផលិត កែច្នៃ ផលិតផលកសិកម្ម សិប្បកម្មនិងសេវាកម្មនានាជាមូលដ្ឋាន ឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក បម្រើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបជាមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ភូមិមួយផលិតផលមួយ គឺជាចលនារស់រវើកមួយសម្រាប់ជំរុញ និងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកណ្ដាល ងើបផុតពីភាពក្រីក្រ និងជួយឱ្យគាត់ ចេះពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពសម្រាប់ផលិត នៅអ្វីមួយដែលគាត់អាចផលិតបាន។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងដែរថា តាមរយៈយន្តការភូមិ១ផលិតផល១ អាជ្ញាធរខេត្តសៀមរាបបានខិតខំយ៉ាងខ្លាំងនៅក្នុងការជំរុញកាស្វែងរកទីផ្សារជូនបងប្អូនដែលជាអ្នកផលិត ដូចជាការបង្កើតកម្មវិធីតាំងពិព័រណ៍ ការរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងសកម្មភាពនានាជាច្រើន ក្នុងគោលបំណងធ្វើយ៉ាងណាជួយដល់ការខិតខំរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការផលិតវត្ថុសិល្បៈវប្បធម៌ និងការផលិតដែលចេញពីបងប្អូនដែលមានពិការភាព។

ទោះជាយ៉ាងនេះក្តី ទាំងលោកយុន លីនណេ និងលោកយ៉ាន់ វ៉ាន់យ៉ង់ បានជំរុញដល់អ្នកផលិតទាំងឡាយត្រូវខិតខំពង្រឹងគុណភាពបន្ថែមទៀត ព្រោះគុណភាពនេះសំខាន់ណាស់។ វាជាការផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ក្នុងការគាំទ្រផលិតផលរបស់យើង។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤កន្លងទៅ មានផលិតផលចំនួន៩៣៣មុខ ត្រូវបានទទួលស្គាល់ជាសមាជិករបស់ ភ១ផ១ ដែលក្នុងនោះនៅឆ្នាំ២០២៤ មានផលិតផលដល់ទៅ៣៧០មុខ មកពីភូមិ២២៧ នៃ២៣រាជធានីខេត្ត បានចុះជាសមាជិកនៃភូមិ១ផលិតផល១៕
ដោយ ឃុត សៅ





