ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយសាខាកាកបាទក្រហមខេត្តចែកជូនដល់គ្រួសារអតីតយុទ្ធជនមានពិការភាពនៅស្រុកស្ទឹងហាវ
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងមន្ត្រីសាខា នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ចែកជូនដល់គ្រួសារអតីតយុទ្ធជនមានពិការភាពចំនួន១គ្រួសារ ស្ថិតនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងចុះជួយបងប្អូនប្រជាពលរដ្ឋទីទ័លក្រ ប្រជាពលរដ្ឋងាយរងគ្រោះ ពលរដ្ឋរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើន ក្មេងកំព្រាជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមបានធ្វើការលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធជនត្រូវខិតខំជំរុញ និងតម្រង់ទិសកូនចៅឱ្យប្រឹងប្រែងរៀនសូត្រគ្រប់ជំនាញ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលជំរុញលើកកម្ពស់អភិបាលកិច្ចល្អ ជាពិសេសជំរុញឪ្យយុវជនរបស់យើងចូលរៀនវគ្គបណ្តុះបណ្តាលជំនាញរបស់ពេលខ្លី និងវែងនៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសខេត្ត និងសាលាបច្ចេកទេសតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីឱ្យកូនចៅរបស់បងប្អូនទាំងអស់គ្នាទទួលបាននូវការងារ និងជីវភាពកាន់តែប្រសើរក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តប្រតិបត្តិតាមគន្លងមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា ធ្វើឱ្យប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយសមធម៌ស្មើសិទ្ធិ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារកាកបាទក្រហមខេត្តស្រុក និងអ្នកស្ម័គ្រចិត្តដែលបានយកសម្ភារចែកជូនដល់អតីតយុទ្ធជននាពេលនេះ ដែលជាការចូលរួមលះបង់ក្នុងនាមគ្រួសារខ្មែរតែមួយ ស្របតាមគោលការណ៍គ្រឹះរបស់កាកបាទក្រហម អឌ្ឍចន្ទ ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ដែលជួបការលំបាក។ ដូច្នេះបងប្អូនអតីតយុទ្ធជនត្រូវថែរក្សាសុខភាព និងហាត់ប្រាណឱ្យបានជាប្រចាំ ដើម្បីសុខភាពរឹងមាំ ដូចនេះបងប្អូនអតីតយុទ្ធជនត្រូវធ្វើការដាំដុះដំណាំផ្លែឈើ និងបន្លែ រួមទាំងចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ផ្ដល់ជូនអតីតយុទ្ធជន ដូចជា អង្ករ៥០គីឡូក្រាម ត្រីខ២យួរ មី២កេស ទឹកត្រី២យួរ និងសម្ភារផ្ទះបាយ១ឈុត ព្រមទាំងឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន១លានរៀល។ ទន្ទឹមនោះក្រុមការងារ និងនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក៏បាននាំយកថវិកាឧបត្ថម្ភប្រគល់ជូនគ្រួសារជួបការលំបាកមានពិការភាពតាមខ្នងផ្ទះជូនគ្រួសារអតីតយុទ្ធជនក្នុងស្រុកស្រឹងហាវ៕
ដោយ ងូ សុមុនី





