រដ្ឋបាលស្រុកបសេដ្ឋរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា នៅវិមាននៃការចងចាំភូមិត្រពាំងពើក ឃុំកាត់ភ្លុក
AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា និងពិធីរាប់បាត្រព្រះសង្ឃចំនួន៤៦អង្គ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយកម្មវិធីនេះប្រារព្ធធ្វើឡើងនៅវិមាននៃការចងចាំ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន និងលោក សំអឿន សុបញ្ញា អភិបាលស្រុក ព្រមទាំងថ្នាក់មូលដ្ឋានប្រមាណ ៣០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំ និងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ការប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារ ព្រៃផ្សៃ សាហាវយង់ឃ្នង ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេសមហាអស្ចារ្យ មហាលោតភ្លោះដ៍ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយបណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួម ហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ល។ ជាងនេះគោលនយោបាយនៃរបបអាវខ្មៅនេះ បានចាប់ផ្ដើមសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានបង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៍ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានរំលឹកឡើងថា យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង សម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមការងារបានលើកឡើងថា ការចូលរួមប្រារព្ធទិវាចងចាំ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនាគតកូនចៅជំនាន់ក្រោយ ដែលទិវានេះមិនគ្រាន់តែរំលឹកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនប្រវត្តិសាស្ត្រនៃការបែកបាក់ និងឈឺចាប់ ដែលដានប្រវត្តិសាស្ត្រត្រូវតែចៀសវាងមិនឱ្យកើតមាននាពេលបច្ចុប្បន្ន និងពេលអនាគត៕
ដោយ លឹម សាន្ត





