អគ្គរដ្ឋអាជ្ញារុស្ស៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចការងារជាលើកទីមួយ នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ --
ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងាររយៈពេលពីរថ្ងៃជាលើកដំបូងនៅកម្ពុជា។

ឯកឧត្តម អគ្គរដ្ឋអាជ្ញារុស្សី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ជាច្រើនរូបទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហព័ន្ធរុស្សីប្រចាំនៅកម្ពុជា បានឱ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ ឯកឧត្តម អគ្គរដ្ឋអាជ្ញារុស្ស៊ីមកកាន់កម្ពុជា ក្នុងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអនុវត្តច្បាប់នៃប្រទេសទាំងពីរ។

អំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តម Igor Krasnov នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ក៏ដូចជាពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយមន្ត្រីដទៃទៀត។ ឯកសារមួយចំនួនគ្រោងនឹងត្រូវចុះហត្ថលេខាដើម្បីពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងភាគីទាំងពីរ។

សូមបញ្ជាក់ថា បន្ទាប់ពីអញ្ជើញមកដល់រាជធានីភ្នំពេញ ឯកឧត្តម អគ្គព្រះរាជអាជ្ញានៃសហព័ន្ធរុស្ស៊ី បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅព្រះបរមរូប ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៕
ដោយ នីកា





