គ.ជ.ប៖ រយៈពេល២៥ ថ្ងៃ ប្រជាពលរដ្ឋដែលមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួនជាង ២ ៨០០ ០០០ នាក់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ -- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមានចំនួនជាង ២ ៨០០ ០០០ នាក់។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ នីទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានថ្លែងថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ទទួលបានលទ្ធផល ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២១០ ៨០៦នាក់។ ឯកឧត្តមបញ្ជាក់ថា អ្នកដែលបានរផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៩៩ ៣៧៣ នាក់។ ទន្ទឹមនេះ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១ ២៨៣ ០៨១នាក់ ក្នុងនោះ មានការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត តាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចំនួន ១ ១៧៣ ០៦៣នាក់។ ឯកឧត្តមបានបន្តថា អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ២ ៨៥៣ ៨៩៧នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៨៨ ២៨២នាក់។ ជាមួយគ្នានេះ លទ្ធផលបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សរុបមានចំនួន ១០ ១៥៤ ៣១៨នាក់ ស្មើនឹង ៩០,៨៣% នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ ១៨ឆ្នាំឡើង។

ឯកឧត្ដម ក៏បានវាយតម្លៃថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ រយៈពេល ២៦ថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែងផ្សេងៗឡើយ។ បើទោះបីមានបញ្ហាតិចតួចផ្នែក ធាតុអាកាស ស្ថានភាពភូមិសាស្ត្រក្នុងឃុំ សង្កាត់មួយចំនួនមិនអំណោយផល ភាពរអាក់រអួលខ្លះផ្នែក បរិក្ខារចុះឈ្មោះ និងប្រព័ន្ធអ៊ីនធឺណិត ក៏ទាំងអស់នេះមិនធ្វើឱ្យរាំងស្ទះដល់ប្រក្រតីភាពនៃដំណើរការ ពិនិត្យបប្រើឈ្មោះនិងចុះឈ្មោះបោះឆ្នោតឡើយ ព្រោះយើងមានផែនការច្បាស់លាស់ មានកិច្ចសហការល្អ និងមានការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីបច្ចេកទេស គ.ជ.ប គ្រប់ជាន់ថ្នាក់ និងមន្ត្រីអាជ្ញាធរដែល បានជួយដោះស្រាយគ្រប់បញ្ហាទាំងផ្នែកសម្ភារបរិក្ខារ បច្ចេកទេស និងការកំណត់ទីតាំងដែលត្រូវធ្វើជាការិយាល័យចុះឈ្មោះបោះឆ្នោត ពិសេសក្នុងដំណាក់កាលចល័តការិយាល័យនៅតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់។

ចំពោះតំបន់ដែលស្ថិតនៅឆ្ងាយ និងមានភូមិសាស្ត្រស្មុគស្មាញ ឱ្យតែមានប្រជាពលរដ្ឋ គ្រប់អាយុ និងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះបោះឆ្នោត គឺក្រុមចុះឈ្មោះបោះឆ្នោតបានព្យាយាមបង្ខិត ទីតាំងការិយាល័យចុះឈ្មោះទៅដល់ក្បែរពួកគាត់ ដើម្បីពួកគាត់ងាយស្រួលក្នុងការ មកចុះឈ្មោះ ព្រោះយើងមានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានលក្ខខណ្ឌ គ្រប់គ្រាន់តាមច្បាប់កំណត់ បានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕

ដោយ៖ ជឹម ណារី





