ក្លឹបកីឡាប៉េតង់សន្តិភាពគ្រងជើងឯកការប្រកួតកីឡាប៉េតង់ជើងឯករាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ -- ក្លឹបកីឡាប៉េតង់សន្តិភាពដណ្តើមមេដាយមាសលើវិញ្ញាសា ៣ ទល់ ៣នាក់បុរស និងវិញ្ញាសា ២ ទល់ ២នាក់បុរស ដែលគ្រងបានម្ចាស់ដំណែងជើងឯកនៃព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៥ បន្ទាប់ពីក្លឹបនេះដណ្តើមបានមេដាយច្រើនជាងគេ ក្រោមការរៀបចំរបសមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

ក្នុងឱកាសពិធីប្រគល់មេដាយ និងជ័យលាភីដល់ក្រុមកីឡាករ-កីឡាការិនីប៉េតង់ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅទីលានវិទ្យាល័យជាស៊ីម សាមគ្គី រាជធានីភ្នំពេញ ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់ឯកឧត្តម សោម ចិន ប្រធានក្លឹបកីឡាប៉េតង់សន្តិភាព លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងអ្នកតំណាងក្លឹបកីឡាប៉េតង់នានា។ សម្រាប់វិញ្ញាសាបុរស ៣នាក់ទល់៣នាក់ មេដាយមាសប្រជែងបានដោយក្លឹបកីឡាប៉េតង់សន្តិភាព ខណៈមេដាយប្រាក់ បានទៅលើក្លឹប អាណាចក្រខ្មែរ និងមេដាយសំរឹទ្ធបានទៅលើ ក្លឹបឌីធីអេ។

លោក ស្រេង សេង ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញជម្រាបជូនថា តាងនាមគណ:កម្មការរៀបចំការប្រកួតកីឡាប៉េតង់ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៥ គឺការប្រកួតនេះដំណើរការប្រកួតដោយរលូន និងទទួលបានលទ្ធផលបច្ចេកទេសគួរឱ្យកត់សម្គាល់ ដោយការប្រកួតបានដំណើរការចាប់តាំងពីថ្ងៃទី២១-២៥ ខែឧសភា ឆ្នាំ២០២៤។

លោក ស្រេង សេង បញ្ជាក់ថា សមាសភាពចូលរួមប្រកួតមាន ២៨ ក្លឹប នឹងមានវិញ្ញាសាប្រកួតចំនួន៨ និង ប្រតិភូ អ្នកដឹកនាំ គ្រូបង្វឹក កីឡាករ ការិនីសរុប ចំនួន ២៥២នាក់ ។ ក្លឹបដែលបានចូលរួមមាន ក្លឹប ឌីធីអេ វិស្នុរាជ កូនខ្មែរ យុវជនសាមគ្គី សាមគ្គីមានជ័យ វិទ្យាល័យជាស៊ីមសាមគ្គី ចតុមុខ សន្តិភាព ហនុមាន វិទ្យាល័យព្រះស៊ីសុវត្ថិ ត្រង់ស្វូរស៊ីសុវត្ថិ ម៉ាស្ទើ គ្រូបប៊ល បូរិទ្ធរាជ ឥន្ទ្រីមាស កោះគរ ដំរីស អគារធិការដ្ឋានមានជ័យ សាមគ្គីភាព អ័រគីដេរ ក្លងយ៉ៃ ភ្នំដូនពេញ សង្កាត់ទួលស្វាយពញព្រៃទី២ បឋមទួលស្វាយព្រៃ សុរិយោដីខណ្ឌទួលគោក អាណាចក្រខ្មែរ និងក្លឹបវិទ្យាល័យពញាពន់៕

ដោយ ហេង ណាលីន





