ក្រុងកំពង់សោមមិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែមន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ
ÄKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ -- ថ្វីដ្បិតតែរដ្ឋបាលក្រុងកំពង់សោមមកទល់ពេលនេះមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធមន្រ្តីចូលធ្វើការពេញលេញនៅឡើយ ប៉ុន្តែលោកអភិបាលក្រុងបានអះអាងថា ថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីនតែងជួបប្រជុំគ្នាពិនិត្យការងារសំខាន់ៗមួយចំនួនជាចាំបាច់ ដើម្បីធានាប្រក្រតីភាពនៃការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អនៅក្នុងអន្តរកាលនេះ។

លោក នួន ប៊ុនថុល អភិបាលនៃគណៈអភិបាលក្រុងកំពង់សោម បានឱ្យដឹងថា រដ្ឋបាលក្រុងក៏កំពុងពិនិត្យសិក្សាលើផែនការអភិវឌ្ឍន៍ក្រុងរបស់ខ្លួន និងយកចិត្តទុកដាក់ជំរុញណែនាំកងកម្លាំងចំណុះ និងអាជ្ញាធរសង្កាត់បន្តយកចិត្តទុកដាក់ធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈដូចដែលធ្លាប់បានអនុវត្តនាពេលមុនមានការបង្កើតក្រុង ខណៈមន្ត្រីដែលបានរៀបចំស្នើដើម្បីឱ្យបំពេញការងារនៅរដ្ឋបាលក្រុងក៏ត្រូវបានខ្ចីមកបម្រើសេវាជូនពលរដ្ឋជាបន្តបន្ទាប់ទោះបីជាមិនទាន់មានសេចក្តីសម្រេចជាផ្លូវការក៏ដោយ។ ក្នុងន័យនេះ លោក នួន ប៊ុនថុល បានគូសបញ្ជាក់ថា បើទោះបីជាក្នុងអន្តរកាលមានការលំបាកបន្តិចក៏ពិតមែនមន្ត្រីទាំងអស់បានផ្តោតលើតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងការបញ្ជាដឹកនាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងគោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត។
លោកអភិបាលក្រុងបានបន្តទៀតថា ចំពោះសេវាច្រកចេញចូលតែមួយដោយសារតែរដ្ឋបាលក្រុងមិនទាន់ដំណើរការពេញលេញ ប៉ុន្តែប្រជាពលរដ្ឋអាចទៅស្នើសុំសេវាក្នុងមូលដ្ឋានស្រុកព្រៃនប់ ពោលគឺនៅពេលដែលរដ្ឋបាលក្រុងកំពង់សោមរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ច្រកចេញចូលតែមួយនឹងបានដំណើរការក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋហើយ។
សូមជម្រាបថា យោងតាមអនុក្រឹត្យ២០១ ក្រុងកំពង់សោមនៃខេត្តព្រះសីហនុត្រូវបានបង្កើតឡើងដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ ក្រុងកំពង់សោមមានសង្កាត់ចំនួន៥គឺ សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





