ឧបដ្ឋានសាលាតម្លៃប្រមាណជាង៣០ម៉ឺនដុល្លារក្នុងវត្តបទុមវ័ន (វត្តក្រាំងក្រូច) ត្រូវបានសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តបទុមវ័ន ហៅវត្តក្រាំងក្រូច ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលចំណាយថវិកាសរុបប្រមាណជាង៣០ម៉ឺនដុល្លារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក មន្រ្តីរាជការចំណុះសាលាខេត្ត ព្រមទាំងតាជីយាយ សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរបច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានលះបង់ទាំងកម្លាំង កាយចិត្ត និងសម្ភារ ចូលរួមចាប់មគ្គផលកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងទីវត្តអារាមនេះ ក្នុងការជួយលើកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញលើកទឹកចិត្តដល់គ្រប់មន្ទីរអង្គភាព និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែទំលំទូលាយដើម្បីបញ្ជ្រាបដល់ពលរដ្ឋគ្រប់រូបពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដែលបង្កឡើងដោយមនុស្ស ធ្វើឱ្យគ្រប់គ្នាបានដឹងជាប្រចាំអំពីគ្រោះថ្នាក់ នេះហើយជាការចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាបបំផុត ពិសេសគឺអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះខេត្តកំពង់ស្ពឺ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន ហើយក្នុងនោះបានបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងរន្ធត់ដែលផ្តើមឡើងពីការបើកបរខ្វះការប្រុងប្រយត្ន័ និងបំពានគំនូសចរាចរណ៍។ ដូច្នេះការអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ទៅដល់អ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត គឺជាការងារមួយដ៏ចាំបាច់ដែលយើងត្រូវតែបន្តធ្វើជាប្រចាំ ដើម្បីរួមចំណែករក្សានូវសុវត្ថិភាព ក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋយើង៕


ដោយ លឹម សាន្ត





