ការលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវត្រូវបានបញ្ចូលជាអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងមូលដ្ឋានខេត្តកំពង់ធំកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

គំនិតផ្តួចផ្តើមនេះមានចែងក្នុងយុទ្ធសាស្រ្តជាតិស្តីពីការអភិវិឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងត្រូវបានឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ស្នើសុំឱ្យគណៈកម្មាធិការជួយដឹកនាំសម្របសម្រួលក្នុងគោលដៅគាំទ្រអាជីវករលក់ម្ហូបអាហារតាមដងផ្លូវក្នុងខេត្តឱ្យអនុវត្តគោលការណ៍អនាម័យស្អាត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរសម្រាប់ខេត្តខេត្តកំពង់ធំ។

មានប្រសាសន៍ទៅកាន់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ៣០០០នាក់ក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងដាក់ឱ្យដំណើរការអនុវត្តគម្រោងកែលម្អស្តង់ដាអនាម័យអាជីវកម្មហូបអាហារតាមដងផ្លូវលើកទី៥នេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា តាមរយៈការអនុវត្តគោលការណ៍អនាម័យសាមញ្ញៗ ដូចជាការស្លៀកពាក់ ការលាងសម្អាត ការទុកដាក់បន្លែ សាច់ និងសំរាមជាដើមនេះ បងប្អូននឹងការពារអ្នកទទួលទានដែលជាអតិថិជន ព្រមទាំងអាចពង្រីកឱកាសអាជីវកម្មរបស់ខ្លួនឯងផង និងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំយើងផង។ សម្រាប់គម្រោងសាកល្បងនេះ អ្នកជំនាញផ្នែកអនាម័យម្ហូបអាហារនឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអាជីវករលក់ម្ហូបអាហារតាមដងផ្លូវមួយចំនួនដែលស្ម័គ្រចិត្តចូលរួម ដើម្បីផ្តល់ការបណ្តុះ បណ្តាលនិងអនុវត្តគោលការណ៍អនាម័យម្ហូបអាហារ។

ឯកឧត្តម ហែម វណ្ណឌី បានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានការទទួលបានអត្តសញ្ញាណផ្លូវការ ការលើកលែងកាតព្វកិច្ចផ្នែកពន្ធដារ អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ការគាំពារសង្គម ការបណ្តុះបណ្តាលជំនាញបច្ចេកទេស លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនិងការអភិវឌ្ឍអាជីវកម្មជាដើម។
ក្នុងយុទ្ធនាការនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំក៏បានរំលេចនូវសមិទ្ធផលជាច្រើនរបស់ខេត្ត រាប់ចាប់តាំងពីការទប់ស្កាត់ការទន្ទ្រានដីសាធារណៈ និងការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ការពង្រីកសហគមន៍កសិកម្មទំនើប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការកែលម្អសោភ័ណភាពទីក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ខេត្តកំពង់ធំមានទីតាំងស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា ជាខេត្តដែលមានផ្ទៃដីធំជាងគេទីពីរ និងមានប្រជាជនរស់នៅប្រមាណ៩០ម៉ឺននាក់។ ខេត្តនេះមានមូលដ្ឋានសេដ្ឋកិច្ចចម្បងផ្អែកលើវិស័យកសិកម្មនិងទេសចរណ៍ ហើយអាចទទួលអត្ថប្រយោជន៍ពីការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារតាមដងផ្លូវ ព្រោះជាតំបន់ឈប់សំចតដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់រវាងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យស្នើសុំចំនួន៧០៧៧០ដោយខេត្តកំពង់ធំឈរនៅចំណាត់ថ្នាក់ទី៨៕
ដោយ ស៊ុម វណ្ណា





