ប្រមុខការទូតកម្ពុជា-ថៃ កំណត់គោលដៅទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៥ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥-ក្នុងជំនួបពិភាក្សាការងារទ្វេភាគី របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីស សានគៀមពង្សា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាស៊ីជម្រៅ លើវិស័យកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល រួមមានការកំណត់គោលដៅទំហំពាណិជ្ជកម្ម ទ្វេភាគីដល់ ១៥ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៧ ការជំរុញវិស័យទេសចរណ៍ កសិកម្ម និងវប្បធម៌ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែន ប្រទេសទាំងពីរ និងកិច្ចសហការដោះស្រាយ បញ្ហាសន្តិសុខមិនប្រពៃណីនានា។

ភាគីទាំងពីរក៏បានពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការ ចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ(JCBC) កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ(JCR) រវាងព្រះរាជាណាចក្រទាំងពីរ និងពិធីសម្ពោធដាក់ឱ្យដំណើរការស្ពានមិត្តភាពកម្ពុជា-ថៃ(ស្ពានស្ទឹងបត់-បានណងអៀន)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុង ទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចេញផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី យូតាម៉ា ហាជីមហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញ ចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោតសរសើរដល់ការនាំមុខរបស់ម៉ាឡេស៊ី ក្រោមការដឹកនាំរបស់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ដោយបានទទួលស្គាល់ តួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងលើការផ្តល់ជំនួយមនុស្សធម៌បានយ៉ាង ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពទៅមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយនាពេលថ្មីៗនេះ។ ការណ៍នេះបានបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់អាស៊ាន ហើយបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍មនុស្សធម៌ ដោយទុកភាពខុសគ្នានៃនយោបាយដោយឡែក ក្នុងពេលមានវិបត្តិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរម្លឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានលើការជំរុញការអនុវត្ត 5PC។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះការដឹកនាំរបស់ម៉ាឡេស៊ីលើកិច្ចការនេះ និងបានគូសបញ្ជាក់ពី សារៈសំខាន់នៃតួនាទីរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា និងលើកទឹកចិត្តឱ្យភាគីទាំងនេះប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ដែលជា លក្ខខណ្ឌចាំបាច់សម្រាប់ការកសាងទំនុកចិត្ត និងការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព សំដៅដល់កិច្ចសន្ទនារួម។ ជាកិច្ចបន្ទាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តោតសារៈសំខាន់លើការគោរពធម្មនុញ្ញអាស៊ាន និងការប្រកាន់យកវិធីសាស្ត្របត់បែនជាក់ស្តែង ដើម្បីជំរុញការអនុវត្ត 5PC ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិរបស់ខ្លួន តាមរយៈដំណើរការនយោបាយ ដែលមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់លើតម្រូវ ការសម្រាប់ដំណោះស្រាយប្រកបដោយបរិយាបន្ន និងការជឿជាក់ ដើម្បីរួមចំណែកដោយអត្ថន័យក្នុងការ ជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពនៅមីយ៉ាន់ម៉ា៕
ដោយ៖ ជឹម ណារី





