យន្តហោះពិសេស របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចបជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥--យន្តហោះពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដើម្បីអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

ក្រោមប្រធានបទ “បរិយាបន្ន និងចីរភាព កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញការកសាងសហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ការប្តេជ្ញាចិត្តរួមគ្នារបស់តំបន់អាស៊ានដែលប្រកបដោយ ភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្ដោតលើប្រជាជនជាចម្បង។
កិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងផ្តល់វេទិកាសម្រាប់អាស៊ានក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក៏ដូចប្រាស្រ័យទាក់ទងជាមួយ GCC និងប្រទេសចិន លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅចំពោះមុខការប្រែប្រួលទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីលើបញ្ហាដែលមានផលប្រយោជន៍ និងក្នុងក្តីបារម្ភរួម៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





