ខេត្តបន្ទាយមានជ័យប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី៣១ ក្រោមប្រធានបទ «គ្រួសារ និងបច្ចេកវិទ្យាថ្មី»
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥-- មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ២០២៥ ខួបលើកទី៣១ ក្រោមប្រធានបទ «គ្រួសារ និងបច្ចេកវិទ្យាថ្មី» យ៉ាងអធិកអធម នៅឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពរបស់ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនេះ ឯកឧត្ដម អ៊ុ រាត្រី បានសង្កត់ធ្ងន់ថា គ្រួសារគឺជាកោសិកានៃសង្គមជាតិ ហើយសុខដុមរមនីយកម្មក្នុងគ្រួសារ គឺជាកត្តាចម្បងក្នុងការកសាងសង្គមមួយដ៏រឹងមាំ និងរីកចម្រើន។ ការប្រារព្ធទិវាអន្តរជាតិនេះ គឺដើម្បីរំលឹក និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃគ្រួសារ ក៏ដូចជាបញ្ហាប្រឈមនានាដែលគ្រួសារកំពុងជួបប្រទះ។ បច្ចេកវិទ្យាពិតជាបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ការរស់នៅប្រចាំថ្ងៃ និងទំនាក់ទំនងក្នុងគ្រួសារ ដូចជាការទំនាក់ទំនងតាមប្រព័ន្ធឌីជីថល ការទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗ។

ទោះជាយ៉ាងណាក៏ដោយ ឯកឧត្ដមបានដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមាន ដូចជាការញៀនហ្គេម បញ្ហាទំនាក់ទំនងដោយសារការប្រើប្រាស់ទូរស័ព្ទច្រើនពេក និងការបាត់បង់ភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ ព្រមទាំងបានអំពាវនាវដល់ឪពុកម្ដាយឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ និងណែនាំកូនចៅឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ និងមានប្រយោជន៍។

ក្នុងពិធីនេះផងដែរ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានលើកឡើងថា មន្ទីរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពគ្រួសារ ជាពិសេសគ្រួសារងាយរងគ្រោះ គ្រួសារអតីតយុទ្ធជន និងគ្រួសារដែលមានសមាជិកជាជនពិការ។ លោកបានបញ្ជាក់ថា គ្រួសារ គឺជាភ្នាក់ងារអប់រំដ៏សំខាន់បំផុតសម្រាប់បុគ្គលម្នាក់ៗ ក្នុងការបណ្ដុះបណ្ដាលនូវសីលធម៌ ចរិយាធម៌ និងការគោរពវិន័យ ដើម្បីក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

លោក ឃុន វុទ្ធី ក៏បានគូសបញ្ជាក់ផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសង្គមកិច្ចក្នុងការសហការជាមួយអង្គការដៃគូ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្ដល់ការគាំទ្រដល់គ្រួសារ ដូចជាការផ្ដល់សេវាប្រឹក្សាយោបល់ ការបណ្ដុះបណ្ដាលជំនាញជីវិត និងការជួយសម្របសម្រួលក្នុងការទទួលបានសេវាសង្គមផ្សេងៗ។ ការប្រារព្ធទិវានេះគឺជាឱកាសមួយដ៏ល្អដើម្បីលើកទឹកចិត្តសមាជិកគ្រួសារទាំងអស់ឱ្យចេះស្រឡាញ់ យល់ចិត្តគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីកសាងគ្រួសារមួយប្រកបដោយសុភមង្គល និងភាពកក់ក្តៅ។
ការប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារខួបលើកទី៣១បានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ក៏ដូចជាការប្ដេជ្ញាចិត្តរបស់ប្រជាពលរដ្ឋក្នុងការរួមចំណែកកសាងគ្រួសារដ៏រឹងមាំសម្រាប់សង្គមជាតិ៕
ដោយ ឈុន សារ៉ាត





