បងប្អូនប្រជាពលរដ្ឋបានចាត់ទុកផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គឺជាផ្លូវនៃពិធីបុណ្យអុំទូកនាចុងសប្តាហ៍នៅរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥-- បងប្អូនប្រជាពលរដ្ឋជាច្រើនបានចាត់ទុកផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គឺផ្លូវនៃពិធីបុណ្យអុំទូកនាចុងសប្តាហ៍នៅរាជធានីភ្នំពេញ ព្រោះមានមនុស្សចូលទៅកម្សាន្ដ និងទស្សនាច្រើន ដោយកើនឡើងពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍។ នេះជាការលើកឡើងរបស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

លោកស្រីបានបញ្ជាក់ថា ការហៅខាងលើនេះកើតមានឡើងនៅពេលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងដែលល្បីរហូតមដល់ក្រៅប្រទេសតាមរយៈប្រពន្ធ័ផ្សព្វផ្សាយធំៗលើពិភពលោក។ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅពេលចំនួនប្រជាពលរដ្ឋនៅផ្លូវថ្មើរជើង (Walk Street) កើនឡើងឥតឈប់ឈរ។

សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៅផ្លូវថ្មើរជើង (Walk Street) កាលពីថ្ងៃសុក្រកន្លងទៅ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ឥឡូវនេះចំនួនប្រជាពលរដ្ឋមកលេងកម្សាន្តនៅផ្លូវថ្មើរជើងកាន់តែកើនឡើង ហើយក៏កើតមានបញ្ហាខ្វះចន្លោះខ្លះ ដូចជាបញ្ហាការលក់ដូរ បញ្ហាចំណត និងបញ្ហាបរិស្ថានត្រូវតែធ្វើការកែលម្អ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលតែងយកចិត្តទុកដាក់ទៅលើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅផ្លូវថ្មើរជើង (Walk Street)។

ឯកឧត្ដមបានបន្តថា កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការសម្អាតសំរាម ការកំណត់ចំនួនស៊ីក្លូឱ្យចូលផ្លូវថ្មើរជើងតែ១៤គ្រឿងក្នុងមួយថ្ងៃ (សៅរ៍ និងអាទិត្យ) ដោយឆ្លាស់គ្នា សម្រាប់ចូលដឹកភ្ញៀវដែលលំបាកក្នុងការធ្វើដំណើរ។ ចំពោះបញ្ហាធុងសំរាម រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យដាក់លើផ្លូវថ្មើរជើង (Walk Street) ទេ គឺត្រូវដាក់លើចិញ្ចើមផ្លូវ តែអ្នកលក់ដូរតែងតែរុញចេញដើម្បីញែកកន្លែងសម្រាប់លក់ដូររបស់ពួកគាត់។
ទន្ទឹមនឹងនេះ ភ្ញៀវជាតិ និងអន្ដរជាតិបានបញ្ចេញមតិតាមហ្វេសប៊ុកថា រយៈពេល២-៣សប្តាហ៍ចុងក្រោយនេះ បញ្ហាសណ្តាប់ធ្នាប់ហាក់មានការកើនឡើង ដោយបញ្ហានេះអាជ្ញាធរពាក់ព័ន្ធត្រូវតែមានវិធានការដោះស្រាយ និងរៀបចំឱ្យបានល្អប្រសើរ ជាពិសេសអាជ្ញាធរខណ្ឌដូនពេញទទួលខុសត្រូវផ្នែកសណ្តាប់ធ្នាប់នេះតែម្ដង។ ចំណែកច្រកចេញចូលកាត់ទទឹងមានផ្លូវលេខ១៥៤ និងផ្លូវផ្សេងៗទៀតត្រូវតែរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ និងមិនត្រូវបិទផ្លូវទេចំពោះអ្នកផ្ញើកង់ ម៉ូតូ រថយន្ដនោះឡើយ។ អាជ្ញាធរខណ្ឌដូនពេញដែលជាអ្នកទទួលខុសត្រូវ គួរណាស់បង្កើតលេខាធិការដ្ឋាន រួមទាំងដាក់វេនប្រចាំការជាប្រចាំដើម្បីរង់ចាំដោះស្រាយបញ្ហាបន្ទាន់ៗនៅទីតាំងផ្លូវថ្មើរជើង (Walk Street) ទើបល្អ។

សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នាថ្ងៃសៅរ៍នេះបានឱ្យដឹងថា ការរៀបចំពិធីបើកជាផ្លូវការ (ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥) ធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៥ ក្នុងនោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៤ និងទី២៥ ខែសភា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នាកម្ពុជា-ចិន សម្រាប់មហាជនទស្សនានៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត តាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេចតុមុខ (Walk Street) នេះផងដែរ៕
ដោយ សួស សំរិត





