អង្គការ CI ក្រសួងបរិស្ថាន និងUNDP រៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង "ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ"
AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) សហការជាមួយក្រសួងបរិស្ថាន និងUNDP រៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង “ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ និងការរៀបចំរបាយការណ៍ជាតិលើកទី៧” កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រុមការងារបច្ចេកទេសជីវៈចម្រុះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដៃគូអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន អ្នកស្រាវជ្រាវ គ្រឹះស្ថានអប់រំ និងអ្នកជំនាញពាក់ព័ន្ធសរុប ៦៨នាក់ (ស្រ្តី ១៦នាក់)។

លោក អ៊ុ សូនី នាយកប្រចាំប្រទេសនៃអង្គការCI បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ CI ក្នុងការចូលរួមអភិរក្សជីវៈចម្រុះនៅប្រទេសកម្ពុជា និងបង្ហាញពីការគាំទ្រការធ្វើបច្ចុប្បន្នភាពរបស់យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះនេះដើម្បីឱ្យស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ ដែលវាគឺជាឱកាសដ៏មានសារៈសំខាន់ និងជាការវិនិយោគដ៏ត្រឹមត្រូវ ដើម្បីធានាឱ្យមានការអភិរក្ស ការស្តារឡើងវិញ និងការគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពសម្រាប់សង្គមមួយដែលពឹងអាស្រ័យលើធនធានធម្មជាតិ។ ធម្មជាតិមិនត្រឹមតែជាធនធានដែលមានតម្លៃមហាសាលប៉ុណ្ណោះទេ តែក៏ជាមូលដ្ឋានគ្រឹះនៃសុខុមាលភាព និងសេដ្ឋកិច្ចរបស់មនុស្សជាតិដែរ។ ជាសក្ខីភាព ការសិក្សាស្រាវជ្រាវជាសាកលមួយដែលចេញផ្សាយដោយអង្គការអភិរក្សអន្តរជាតិបង្ហាញថា ការការពារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរអាចការពារការបំភាយកាបូនប្រមាណ ១.២ពាន់លានតោន (ដែលអាចមានតម្លៃជាង២០០ពាន់លានដុល្លារអាមេរិកនៃថវិកាស្តារការខូចខាតជាសកលទាក់ទងនឹងបញ្ហាអាកាសធាតុ)។

លទ្ធភាពនៃការសិក្សាស្រាវជ្រាវនេះសបញ្ជាក់ថា ការការពារធនធានធម្មជាតិមិនត្រឹមតែល្អសម្រាប់ភពផែនដីប៉ុណ្ណោះទេ តែក៏ជាដំណោះស្រាយសេដ្ឋកិច្ចដ៏ប្រសើរមួយសម្រាប់មនុស្សជាតិដែរ។ ជីវៈចម្រុះគឺជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកសាងអនាគតដ៏រឹងមាំប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា និងពិភពលោក។

សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាសកលលោក ព្រោះវាជាឱកាសសម្រាប់ភាគីពាក់ព័ន្ធឆ្លុះបញ្ចាំង កែលម្អ និងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនូវផែនការយុទ្ធសាស្រ្ត និងសកម្មភាពជីវៈចម្រុះជាតិ (NBSAP) ដោយអនុលោមតាមក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីន ម៉ុនរ៉េអាល់នៃអនុសញ្ញសហប្រជាជាតិស្តីពីជីវៈចម្រុះ៕
ដោយ ណយ នឿន (ប្រភព៖ CI)





