ពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងក្រុងអរិយក្សត្រ ឆ្នាំសិក្សា២០២៥-២០២៦
AKP កណ្តាល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- នៅបរិវេណវត្តស្វាយជ្រំ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងក្រុងអរិយក្សត្រ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមព្រះរាជាធិបតីសម្ដេចព្រះឧត្ដមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល និងជាព្រះចៅអធិរាជវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន និងគណៈអធិបតីភាព ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល អភិបាលខេត្តកណ្ដាល។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា ពុទ្ធិកអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន អរិយក្សត្រ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ មានសមណសិស្សចូលរៀនសរុបចំនួន ១៥៥ អង្គ ដោយពុទ្ធិកអនុវិទ្យាល័យ ឆ្នាំទី១មានសមណសិស្សចំនួន ៤៥ អង្គ ពុទ្ធិកអនុវិទ្យាល័យ ឆ្នាំទី២មានសមណសិស្សចំនួន ២៨ អង្គ ពុទ្ធិកអនុវិទ្យាល័យ ឆ្នាំទី៣មានសមណសិស្សចំនួន ៣១ អង្គ ពុទ្ធិកបឋមសិក្សា បាលីរង មានសមណសិស្សចំនួន ៥១ អង្គ ដែលនិមន្តមកពីតាមបណ្តារាជធានី ខេត្តចំនួន ២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការបង្ហាត់បង្រៀន របស់ព្រះគ្រូធម្មាចារ្យ ព្រះគ្រូឧទ្ទេសាចារ្យ និងលោកគ្រូ អ្នកគ្រូចំនួន ១៤អង្គ/នាក់ ក្នុងនោះគ្រូជាព្រះសង្ឃចំនួន២អង្គ និងគ្រូជាគ្រហស្ថចំនួន ១២នាក់។


គ្រឹះស្ថានពុទ្ធិកសិក្សាមួយនេះបានបណ្តុះបណ្តាលធនធានព្រះសង្ឃ ផ្នែកពុទ្ធិកបឋមសិក្សាបាលីរងបានចំនួន៣៣ជំនាន់ស្មើ២ ៤៣៣អង្គ និងផ្នែកពុទ្ធិកមធ្យមសិក្សាបឋមភូមិ បានចំនួន១៦ជំនាន់ស្មើ៥៩៨អង្គ/នាក់ ព្រមទាំងបានបញ្ជូនព្រះសង្ឃសមណសិស្ស ដែលមានចំណេះដឹងជ្រៅជ្រះ ដើម្បីទៅបន្តការសិក្សានៅក្រៅប្រទេសជាច្រើនអង្គផងដែរ ដូចជានៅប្រទេសឥណ្ឌា ស្រីលង្កាជាដើម ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





