លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក និងការគ្រប់គ្រងជំងឺឆ្លង ក្នុងទីតាំងព្រលានយន្តហោះអន្តរជាតិ តេជោ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងខាភិបាល ដែលទទួលបន្ទុកការងារជំងឺឆ្លង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក និងការគ្រប់គ្រងជំងឺឆ្លង ក្នុងទីតាំងព្រលានយន្តហោះអន្តរជាតិ តេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកជំទាវរដ្ឋលេខាធិការ និងគណ:ប្រតិភូ អមដំណើរមកពីក្រសួងសុខាភិបាល ដោយមានការទទួលស្វាគមន៍ពីតំណាងអ្នកឧកញ៉ា វ៉ាន់ ឆារស៍ជួន អភិបាលក្រុមហ៊ុនខេមបូឌាអ៊ែរផតអ៊ិនវេសមិន ឯ.ក (CAIC) បានធ្វើការពិនិត្យទីតាំងទាំងពីរក្នុងផ្នែក Arrival។ ជាក់ស្ដែង ទីតាំងទី ១៖ ទីតាំងបំពាក់កាមេរ៉ា វ៉ាស់កម្ដៅចំនួន ៤គ្រឿង នៅទីតាំងអ្នកដំណើរអន្តរជាតិ និង ២គ្រឿង សម្រាប់អ្នកដំណើរក្នុងស្រុក។ បន្ទប់តាមដាន និងវិភាគរោគសញ្ញាចំនួន ២បន្ទប់ ដោយតម្រូវឱ្យមានការបំពាក់សម្ភារ និងបរិក្ខារគ្រប់គ្រាន់។ ទីតាំងទី ២៖ ចម្ងាយពីគ្នាប្រហែល ១០០ម៉ែត្រ មាន ៥បន្ទប់គឺ បន្ទប់ដាក់អ្នកជំងឺ បន្ទប់ប្រចាំការរបស់ពេទ្យ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់ដាក់សម្ភារ បរិក្ខារ និងបន្ទប់ធ្វើការ និងកិច្ចប្រជុំ។

ក្នុងឱកាសនោះ ប្រតិភូសុខាភិបាលបានសំណូមពរដល់តំណាងក្រុមហ៊ុន CAIC ទទួលខុសត្រូវព្រលានយន្តហោះ ដូចជា សម្អាតបន្ថែម (Deep clean) និងរៀបចំដាក់ស្លាកសញ្ញានៅគ្រប់ទីតាំងបន្ទប់ ក៏ដូចជាគំនូស បំព្រួញតាមផ្លូវ ដែលងាយស្រួល ដល់អ្នកដំណើរ កំណត់ការប្រគល់ និងទទួលនៅចុងខែឧសភា ឆ្នាំ២០២៥ ការដឹកជញ្ជូនសម្ភារបរិក្ខារចូល និងការបំពាក់ ឧបករណ៍ទាំងអស់ នឹងប៉ាន់ស្មានឱ្យបានរួចរាល់ នៅដើមខែមិថុនា និងស្នើសុំឱ្យមានការប្រជុំអន្តរក្រសួង រវាងក្រសួងសុខាភិបាល អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនសាងសង់ និងផ្នែកពាក់ព័ន្ធ សម្រាប់កំណត់ការទទួលខុសត្រូវ និងដើម្បីធ្វើការសហការគ្នាឱ្យបានល្អ។ ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានស្នើសុំទីតាំងសម្រាប់ដាក់ម៉ាស៊ីនវាស់កម្ដៅ និងសម្រាប់ពេទ្យប្រចាំការ ក្នុងករណីចាំបាច់នៅទីតាំង VIP។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ អំពីស្នាដៃសាងសង់ របស់កូនខ្មែរ និង ភាពប៉ិនប្រសព្វរបស់វិស្វករ និងអ្នកជំនាញទាំងអស់ ដែលអាចធ្វើឱ្យព្រលានយន្តហោះអន្តរជាតិមួយនេះ លេចរូបរាងទ្បើងដ៏អស្ចារ្យ។ លោកជំទាវ និងប្រតិភូ បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា វ៉ាន់ ឆារស៍ជួន ព្រមទាំងសហការី ដែលជានិច្ចកាល មានការសហការគ្នាបានល្អ និងបន្តកិច្ចការនេះ ដើម្បីទប់ស្កាត់ការ នាំចូលនៃជំងឺឆ្លង ក៏ដូចជាជំងឺកាចសាហាវថ្មីៗ ។

សូមជម្រាបជូនថា ការចុះពិនិត្យនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង តំណាងក្រុមហ៊ុនសាងសង់ CAIC និងក្រុមការងារពាក់ព័ន្ធ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ ក្រសួងសុខាភិបាល)





