ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងអនុរដ្ឋមន្រ្តីក្រសួងអប់រំឧត្តមសិក្សា និងវិទ្យាសាស្រ្តឥណ្ឌូនេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ STELLA CHRISTIE អនុរដ្ឋមន្រ្តីក្រសួងអប់រំឧត្តមសិក្សា និងវិទ្យាសាស្រ្តឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារក្នុងគោលបំណងចែករំលែកបទពិសោធន៍ការងារអប់រំ ទិដ្ឋភាពទូទៅនៃវិស័យអប់រំឧត្តមសិក្សា និងវិទ្យាសាស្ត្រនៃប្រទេសទាំងពីរ សំដៅស្វែងយល់ និងពិនិត្យលទ្ធភាពដើម្បីបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ជាពិសេសលើការអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្តោតលើជំនាញដែលកំពុងមានតម្រូវការក្នុងទីផ្សារការងារបច្ចុ ប្បន្ន និងអនាគត។

ក្នុងឱកាសនេះ លោកជំទាវ STELLA CHRISTIE បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងកម្ពុជា និងឥណ្ឌូនេស៊ីឱ្យកាន់តែល្អប្រសើរ តាមរយៈកម្មវិធីអាហារូបករណ៍ ការផ្លាស់ប្តូរនិសិ្សត ទស្សនកិច្ចសិក្សា កម្មវិធីបណ្តុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គម្រោងសិក្សាស្រាវជ្រាវរួមគ្នាក្នុងកម្រិតឧត្តមសិក្សា និងវិទ្យាសាស្ត្រ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិលើវិស័យអប់រំ និងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដោយបានគូសបញ្ជាក់ពីទំនាក់ទំនងវប្បធម៌ និងអរិយធម៌រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ីដែលមានជាយូរលង់មកហើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានចែករំលែកពីទិដ្ឋភាពទូទៅ វឌ្ឍនភាពនៃឧត្តមសិក្សានៅកម្ពុជា និងវឌ្ឍនភាពនៃវិទ្យាស្ថានបណ្តុះបណ្តាលគ្រូដែលកំពុងយកចិត្តទុកដាក់ជំរុញការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តផ្ទាល់ក្នុងបរិបទឧស្សាហកម្មជាក់ស្តែង និងការប្រើប្រាស់បញ្ញាសិប្បនិមិត្តដើម្បីលើកកម្ពស់ការរៀន និងបង្រៀន សំដៅពង្រឹងគុណភាពអប់រំ និងរៀបចំសិស្សនិស្សិតឱ្យបានរួច រាល់សម្រាប់ទីផ្សារការងារដែលកំពុងមានការប្រកួតប្រជែងខ្លាំង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





