ឯកឧត្តម ទ្រី ដាលុច អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ស្គាល់ឱ្យច្បាស់ពីតម្លៃសុខសន្តិភាពត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្ស
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ទ្រី ដាលុច អនុប្រធានទី២គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ស្ដាល់ឱ្យច្បាស់ពីតម្លៃសុខសន្តិភាព ត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្សមិនឱ្យសង្គ្រាមកើតឡើងវិញដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមមានប្រសាសន៍ដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ក្រុមការងារ ចុះជួយមូលដ្ឋាន ក្នុងស្រុកប្រាសាទបល្ល័ង្ក សមាជិកសមាជិកា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៣០០ នាក់។

ឯកឧត្តម ទ្រី ដាលុច បានថ្លែងថា ទិវាជាតិនៃការចងចាំ ២០ ឧសភាត្រូវបានប្រារព្ធធ្វើឡើងដើម្បីរំលឹកអំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប្រទេសកម្ពុជា ដែលបានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យអស់រយៈកាល ០៣ឆ្នាំ ០៨ខែ និង២០ថ្ងៃ ប្រជាជនកម្ពុជាមួយចំនួនត្រូវជម្លៀសចេញពីទីក្រុង កាប់សម្លាប់យ៉ាងអយុត្តិធម៌ ព្រមទាំងបានលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់នូវការចាយវាយផ្សេងៗ មិនមានដំណើរការសាលារៀន មន្ទីរពេទ្យ និងវត្តអារាម។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងតស៊ូ យកជីវិតធ្វើដើមទុន រំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយ៉ង់ឃ្នង រហូតបង្រួបបង្រួមជាតិ សង្គ្រោះជាតិ សាសនា និងការអប់រំឱ្យរស់ឡើងវិញ ដោយកសាងបាននូវសន្តិភាព សេចក្តីសុខ សុភមង្គលជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នយោបាយឈ្នះឈ្នះបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពយូរអង្វែង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមការពារសន្តិភាពឱ្យបានគង់វង្ស ពិសេសកុំបំផ្លាញសុភមង្គលក្រុមគ្រួសាររបស់ខ្លួន ហើយណែនាំដល់កូនចៅឱ្យដឹងពីទុក្ខលំបាកកើតចេញ ពីសង្គ្រាម។
ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនូវទិវាជាតិនៃការចងចាំ ហើយចូលរួមថែរក្សា និងការពារសុខសន្តិភាពឱ្យបានគង់វង្ស ការពារមិនឱ្យសង្គ្រាមកើតមានឡើងវិញ ទោះក្នុងតម្លៃណាក៏ដោយ។ កាលណាប្រទេសជាតិមានសុខសន្តិភាពនោះប្រទេសជាតិ នឹងមានការអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងបង្កើតបានជាមូលដ្ឋានគ្រឹះ នៃសុខដុមរមនាសម្រាប់ប្រទេសជាតិយើងទាំងមូល។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជារៀបចំទិវាជាតិនៃការចងចាំនេះជារៀងរាល់ឆ្នាំ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានចងចាំ និងយល់ដឹងច្បាស់អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រវត្តិសាស្រ្តដ៏លំបាក ដែលប្រទេសជាតិធ្លាប់ឆ្លងកាត់។
ទន្ទឹមនឹងនេះ គណៈអធិបតីបានឧបត្ថម្ភជូនស្នាក់ការគណបក្សស្រុកនូវអង្ករចំនួន៣តោន ថវិកា ៤ លានរៀល ឃុំទាំង៧ក្នុង១ឃុំទទួលបានអង្ករចំនួន១តោន និងថវិកា៤លានរៀល និងអ្នកចូលរួមទាំងអស់ម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕
ដោយ ស៊ុម វណ្ណា





