ឯកឧត្តម ម៉ាង ស៊ីណេត អបអរសាទរពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort ក្រុងកោះរ៉ុង
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort ដែលមានទីតាំងស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុងស្តីទី និងភ្ញៀវជាតិ អន្តរជាតិ។


លោកស្រី អ៊ុវ៉ុនណា ឃ្មីសុក (IWONA KMIECIK) នាយកប្រតិបត្តិសណ្ឋាគារ Apsara Resort មានប្រសាសន៍ស្វាគមន៍សម្រាប់ការសម្ពោធរមណីយដ្ឋានអប្សរាដ៏ស្រស់ស្អាតកោះរ៉ុង រួមជាមួយនឹងសមាជិក ៤០នាក់។ ការបង្កើតរមណីយដ្ឋានអប្សរាកោះរ៉ុង ជាសញ្ញាដ៏អស្ចារ្យនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាបន្តរីកចម្រើន ជាពិសេសនៅលើកោះរ៉ុង ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ។ កោះរ៉ុងពិតជា "ឋានសួគ៌លាក់កំបាំង" នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងឆ្នេរស្អាត ទឹកថ្លា ជាសសរស្តម្ភទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីនៃពិភពលោកមកកាន់កោះរ៉ុងយ៉ាងងាយស្រួល និងរលូន។ រមណីយដ្ឋានអប្សរាកោះរ៉ុងលេចធ្លោ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនដែលកំពុងស្វែងរកផាសុកភាព ភាពស្ងប់ស្ងាត់ និងស្តង់ដារអន្តរជាតិ។ យើងជឿជាក់ថា រមណីយដ្ឋានអប្សរានឹងក្លាយជាកន្លែងពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដោយផ្តល់នូវកន្លែងកម្សាន្តដ៏ប្រណិត និងជាមូលដ្ឋានដ៏ល្អឥតខ្ចោះ និងការស្វែងយល់ពីភាពស្រស់ស្អាតរបស់កោះរ៉ុង និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ការផ្សព្វផ្សាយរមណីយដ្ឋានដល់អតិថិជនប្រកបដោយទំនុកចិត្ត និងមានប្រសិទ្ធភាព។ ការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ម្ចាស់វាឈ្មោះ Eva ជាអ្នកទស្សនវិស័យជនជាតិប៉ូឡូញ Eva មិនត្រឹមតែឃើញសម្រស់ធម្មជាតិរបស់កោះរ៉ុងប៉ុណ្ណោះទេ ការប្ដេជ្ញាចិត្តរបស់ Eva បានប្រែក្លាយទេសភាពដ៏ស្រស់ត្រកាលទៅជាគោលដៅស្វាគមន៍យ៉ាងពិតប្រាកដ និងចក្ខុវិស័យច្បាស់លាស់រមណីយដ្ឋាននេះ និងបង្កើតឱកាសការងារថ្មីៗជាច្រើនសម្រាប់សហគមន៍មូលដ្ឋាន។


ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» បាន និងកំពុងបំពេញតួនាទីជាប៉ូលទេសចរណ៍ដ៏មានសារៈសំខាន់ ជាតំបន់ស្នូលនៃឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ដោយមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ។ ការបើកសម្ពោធសណ្ឋាគារ Apsara Resort ជាសក្ខីភាពបង្ហាញឪ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមជូនពរឱ្យសណ្ឋាគារទទួលបានជោគជ័យដំណើរការដោយរលូន ព្រមទាំងបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសបន្តជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាម រយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញនូវគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការជំរុញឱ្យមានសន្តិភាព និងជាស្ពានមេត្រីក្នុងការចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយរាក់ទាក់គ្នាទៅវិញទៅមក។ ចំណុចខ្លាំងដ៏ធំបំផុតរបស់វិស័យទេសចរណ៍ក្រៅពីអានុភាពសេដ្ឋកិច្ច គឺវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នា បង្កើតបានទៅជាមាគ៌ាសន្តិភាពស្របទៅតាមអនុសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាគឺ «អរគុណសន្តិភាព មានសន្តិភាព ទើបមានអ្វីៗទាំងអស់»៕
ដោយ ងូ សុមុនី





