វត្តគោកចាន់បានរៀបចំបំបួសកុលបុត្រចំនួន២៤រូបជាសាមណេរ ដើម្បីបានសិក្សារៀនសូត្រ និងបន្តវេនព្រះសង្ឃ
AKP សៀមរាប ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- វត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់ ស្ថិតនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំពិធីបំបួសកុលបុត្រជាសាមណេរចំនួន២៤រូប ដើម្បីទ្រទ្រង់ពុទ្ធសាសនាឱ្យបានស្ថិតស្ថេរចិរកាលទៅមុខ និងដើម្បីភាពរីកចម្រើននៃពុទ្ធសាសនាកម្ពុជារបស់យើង។


ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សីហៅវត្តគោចាន់ បានមានថេរដីការថា អត្ថន័យនៃការបួសផ្នែកតាមបុរាណាចារ្យខ្មែរ លោកជឿថា ការបួស គឺដើម្បីសងគុណឪពុកម្តាយជាអ្នមានគុណរបស់ខ្លួន ដោយបានបង្កើតពុំនោលទុកមកថា "បួសសាមណេរសងគុណម៉ែ បួសភិក្ខុសងគុណឪ "។ ហើយកុលបុត្រដែលបួសសាមណេរ គឺអាចមានអាយុចាប់ពី៧ឆ្នាំ ដល់ក្រោម២០ឆ្នាំ។ រីឯកុលបុត្រដែលបួសភិក្ខុ គឺមានអាយុចាប់ពី២០ឆ្នាំឡើងទៅ។ ដូចនេះកុលបុត្រខ្មែរដែលសម្រេចចិត្តចូលបួសតាំងពីសម័យដើម និងបច្ចុប្បន្នក៏មានគោលបំណងមួយដូចគ្នានេះដែរ ។ ប៉ុន្តែអត្ថន័យនៃការបួសក្នុងសម័យពុទ្ធកាល គឺបួសដើម្បីរលាស់ខ្លួនចេញចាកទុក្ខ ពោលគឺបួសដោយមានសទ្ធាជ្រះថ្លាជាទីតាំង បានន័យថា អ្នកដែលចូលទៅបួស គឺបានយល់អំពីអត្ថន័យនៃធម៌ និងវិន័យច្បាស់លាស់ កើតចិត្តនឿយណាយនឹងជីវិតជាអ្នកគ្រប់គ្រងផ្ទះ ក៏សម្រេចចិត្តចូលបួសដើម្បីស្វែងរកផ្លូវសុខស្ងប់សម្រាប់ជីវិត។


ចំណែកការបួសក្នុងពេលបច្ចុប្បន្នមានការខុសប្លែកខ្លះៗ ព្រោះកុលបុត្រដែលចូលមកបួសខ្លះ មិនទានបានយល់ដឹងធម៌វិន័យអ្វីទេ គ្រាន់តែមានសទ្ធាជ្រះថ្លាចង់បួស ដើម្បីសិក្សាឈ្វេងយល់បន្ថែម អ្នកខ្លះទៀតបួសដើម្បីកែប្រែចិត្តគំនិត ឥរិយាបថព្រោះខ្លួនបានដើរក្នុងផ្លូវខុសច្រើនចង់កែខ្លួនឱ្យល្អវិញ និងអ្នកខ្លះទៀត ដោយមានការជំរុញពីឪពុកម្តាយ ព្រមទាំងអ្នកខ្លះជាក្មេងឥតទីពឹង គឺបួសដើម្បីបានទីពឹង និងដើម្បីសិក្សារៀនសូត្រសន្សំឧបនិស្ស័យក្នុងពុទ្ធសាសនា។ ជារួមមក មិនថាបួសក្នុងលក្ខណៈអ្វីទេ ក៏ការបួសនេះ គឺពិតជាបានជួបទ្រទ្រង់ពុទ្ធសាសនាឱ្យគង់វង្ស និងស្ថិតស្ថេរយូរអង្វែង។ ចំណែកឪពុកម្តាយ បងប្អូន ញាតិមិត្តដែលបានគាំទ្រការបួសនេះ ក៏បានបុណ្យ បានកុសល ជាទ្រព្យដ៌ប្រសើរសម្រាប់ជីវិត និងជាការភ្ជាប់និស្ស័យក្នុងពុទ្ធសាសនាផងដែរ៕
ដោយ ឃុត សៅ





