លោកឧត្តមសេនីយ៍ត្រី កង សៅគុណ នាំយកអាវភ្លៀងចែកជូនកងកម្លាំងអាវុធហត្ថទូទាំងខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងកម្លាំងអាវុធហត្ថ ទូទាំងខេត្តព្រះវិហារ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។


លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើជូនកងកម្លាំងអាវុធហត្ថទូទាំងខេត្តព្រះវិហារ។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ត្រីបានថ្លែងបន្តថា ដោយមើលឃើញពីទុក្ខលំបាក ក្នុងការបំពេញភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នាពេលរដូវវស្សា ជារៀងរាល់ឆ្នាំ និងមានការយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់ យោធិនគ្រប់រូប សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអាវភ្លៀងចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣គ្រប់ៗរូបប្រើប្រាស់ដើម្បីការពារសុខភាព ពេលបំពេញភារកិច្ចនៅរដូវវស្សា៕
ដោយ ទិត ស្រ៊





