លោកស្រី សោម សុខុម ទទួលបានពានរង្វាន់លេខ១ទូទាំងប្រទេស ជាស្ត្រីឆ្នើមក្នុងការដឹកនាំនៅថ្នាក់មូលដ្ឋាន
AKP ព្រះវិហារ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- លោកស្រី សោម សុខុម ជាមេឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានពានរង្វាន់លេខ១ទូទាំងប្រទេស ជាស្ដ្រីឆ្នើមក្នុងការដឹកនាំនៅថ្នាក់មូលដ្ឋាន ដែលមានស្នាដៃក្នុងការអនុវត្តគម្រោង ស្តីពីការអប់រំអភិវឌ្ឍន៍ កុមារតូច និងមត្តេយ្យសហគមន៍ ដោយទទួលបានពានរង្វាន់កិត្តិយសមួយ និងសម្ភារគាំទ្រសរុបចំនួន១០០០ដុល្លា និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាណាដារយៈពេល២សប្តាហ៍។

លោកស្រី សោម សុខុម បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ថា ការទទួលបានពានរង្វាន់នេះ ដោយសារតែឃុំចំរើន អនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់សេវាសង្គម ទៅដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបានល្អ និងមានការកោតសរសើរពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ ការទទួលពានរង្វាន់នេះគឺមានការចូលរួមចំណែកពីក្រុមប្រឹក្សា មេភូមិ ព្រមទាំងក្រុមការងារទាំងអស់ នៅក្នុងឃុំចំរើន ជាពិសេសស្ដ្រីដែលទទួលបន្ទុក ខាងសេវាសង្គម ដែលគាត់ជាអ្នកធ្វើអនុវត្ដដោយផ្ទាល់ ។ លោកស្រីបន្តថា នឹងបន្ដធ្វើសេវាសង្គម ឱ្យបានកាន់តែល្អប្រសើរឡើង ជូនដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងជួយធ្វើការងារដោះស្រាយរាល់បញ្ហា ជូនដល់ពួកគាត់នៅក្នុងមូលដ្ឋាន ឱ្យបានកាន់តែឆាប់រហ័ស។


លោកស្រីបានបញ្ជាក់បន្ថែមថា ពានរង្វាន់ដែលមេឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលទទួលបាននេះ គឺបានមកពីការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់ស្ត្រីឆ្នើម ក្នុងការដឹកនាំនៅមូលដ្ឋាននៃគម្រោងភាពជាដៃគូ សម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុង លើការដឹកនាំរបស់ស្ត្រីនៅមូលដ្ឋាន ដែលរៀបចំដោយសម្ព័ន្ធជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន៕
ដោយ ទិត ស្រ៊





