ក្រសួងអប់រំ៖ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីគឺជាអង្គភាពស្វយ័ត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី គឺជាអង្គភាពស្វយ័តមួយដែលមានទីតាំងស្ថិតក្នុងអគារ «I» នៃវិទ្យាស្ថានជាតិអប់រំ។ មជ្ឈមណ្ឌលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ តាមប្រកាសលេខ១៧៩៩ អយក. ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា។

មជ្ឈមណ្ឌលត្រូវបានផ្តល់សិទ្ធិដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អប់រំឯកទេស ប្រឹក្សាគរុកោសល្យ (វគ្គពន្លឿនរយៈពេល១ឆ្នាំ) ដើម្បីជួយដល់ការពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីដែលជាសាលារៀនរដ្ឋស្វយ័តទទួលបានការវិនិយោគខ្ពស់ពីរាជរដ្ឋាភិបាល និងទាមទារឱ្យមានគ្រូបង្រៀនដែលមានស្តង់ដាវិជ្ជាជីវៈខ្ពស់បម្រើការងារនៅទីនេះ។ ទន្ទឹមគ្នានោះមជ្ឈមណ្ឌលក៏បានផ្តល់ជូនគ្រូប្រឹក្សាគរុកោសល្យ ដើម្បីគាំទ្រដល់សាលាធនធាន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀននាពេលកន្លងមក និងមានផែនការគាំទ្រដល់សាលារៀនជាប់ស្ដង់ដាសាលាគំរូ សាលាអប់រំស្ទែម និងសាលារៀនដែលមានតម្រូវការ។


ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា គោលបំណងសំខាន់ៗក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនេះគឺដើម្បី៖ ១) បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនសម្រាប់កម្មវិធីសាលារៀនជំនាន់ថ្មីមួយដែលផ្តល់ជូននូវបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សា គរុកោសល្យ។ ២)ជ្រើសរើសបេក្ខជនដែលមានសមត្ថភាពសម្រាប់ការបណ្តុះបណ្តាល ដែលមានគុណភាពខ្ពស់អាចទ្រ ទ្រង់ការរៀនសូត្រនៅក្នុងថ្នាក់រៀនតាមបែបសតវត្សរ៍ទី២១ និង៣) បង្កើតប្រព័ន្ធប្រឹក្សាគរុកោសល្យគ្រូបង្រៀនដោយជោគជ័យ ដែលប្រើបច្ចេកវិទ្យាដើម្បីជំរុញការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់គ្រូបង្រៀននៅសាលារៀនជំនាន់ថ្មី សាលាធនធានសាលាជាប់ស្តង់ដា សាលាគំរូ សាលាអប់រំស្ទែម និងសាលារៀនដែលមានតម្រូវការជាបន្តបន្ទាប់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





