អភិបាលស្រុកស្ទោងលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវស្វែងយល់អត្ថន័យ២០ ឧសភា ទិវាជាតិនៃការចងចាំឱ្យបានច្បាស់ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ
AKP កំពង់ធំ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវស្វែងយល់អត្ថន័យ ២០ ឧសភា ទិវាជាតិនៃការចងចាំ ឱ្យបានច្បាស់ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងឱកាសដែលលោក និងលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភានៅវត្តទួលព្រះធាតុ ហៅវត្តទួលភ្លង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

លោក សាយ គឹមឡម បានមានប្រសាសន៍ថា ការសិក្សាពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះឱ្យបានច្បាស់លាស់គឺមានន័យថាយើងបានចូលរួមទប់ស្កាត់ការពារមិនឱ្យរបបឃោរឃៅអាវខ្មៅប្រល័យពូជសាសន៍វិលមកលើទឹកដីព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ត្រកាលនៃយើងជាពិសេសពួកអគតិ និងជ្រុលនិយមដែលបានបំបាត់នូវជំនឿសាសនាហើយបានសម្លាប់រង្គាលមិនរើសមុខដូចដែលយើងបានឃើញនូវអដ្ឋិធាតុនៅក្នុងស្តូបនៃវត្តទួលព្រះធាតុនេះជាតឹកតាងស្រាប់ជាពិសេសសម្លាប់រង្គាលលើបញ្ញវន្តដែលធ្វើឱ្យប្រទេសជាតិខ្ទេចខ្ទាំដល់ចំណុចសូន្យ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានលើកទឹកចិត្តដល់យុវជន និងសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាសិស្សពូកែទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងទទួលបាននូវនិទ្ទេសA ដែលជាទំពាំងស្នងឬស្សីនិងជាមូលធនមនុស្សសម្រាប់ចូលរួមកសាងអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវចូលរួមថែរក្សាការពារនូវសុខសន្តិភាពឱ្យបានស្ថិតស្ថេរជាអមតៈ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការីដែលបានជួយអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាពិសេសប្រព័ន្ធធារាសាស្ត្រស្អេកស្កះគ្រប់ឃុំនៅក្នុងស្រុកស្ទោងដែលពិតជាបានចូលរួមលើកកម្ពស់វិស័យកសិកម្ម និងសេដ្ឋកិច្ចក្នុងមូលដ្ឋានស្រុកស្ទោងឱ្យកាន់តែប្រសើរឡើងថែមទៀតក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។


ក្នុងពិធីនោះមានការបង្សុកូលគោរពវិញ្ញាណក្ខន្ធ ព្រមទាំងរាប់បាត្រព្រះសង្ឃចំនួន៤៦អង្គ ដើម្បីបួងសួងឧទ្ទិសកុសលដល់បុព្វការីជនដែលបានពលីជីវិតនៅក្នុងរបបអាវខ្មៅឱ្យបានដល់បរមសុខគ្រប់ៗគ្នា៕
ដោយ ស៊ុម វណ្ណា





