អភិបាលខេត្តបន្ទាយមានជ័យចុះផ្ទាល់ កាយបើកមុខទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋរាប់រយហិកតា
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងស្ថានភាពទឹកជំនន់ដែលកំពុងគំរាមកំហែងដល់ផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ រាប់រយហិកតានៅព្រំប្រទល់ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះ ចុះអនុវត្តវិធានការបន្ទាន់ ដោយប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ កាយបើកមុខទឹក បញ្ចៀសការជន់លិច។

ស្ថានការណ៍បន្ទាន់ និងវិធានការឆ្លើយតបប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តបន្ទាយមានជ័យបានទទួលរងនូវឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ ស្របពេលដែលមានការបើកទឹកពីតំបន់ខាងលើ ធ្វើឱ្យបរិមាណទឹកហក់ឡើងខ្ពស់ និងជន់លិចស្រូវរបស់ប្រជាពលរដ្ឋជាច្រើនរយហិកតា ដែលទើបនឹងបង្កបង្កើនផលបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ត្រង់ចំណុចភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

ឆ្លើយតបទៅនឹងស្ថានភាពដ៏តានតឹងនេះ នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ទីរធនធានទឹក អភិបាលក្រុងសិរីសោភ័ណ រួមទាំងអាជ្ញាធរសង្កាត់ និងភូមិ ចុះដោយផ្ទាល់ដល់ទីតាំងកើតហេតុ។ ក្នុងបេសកកម្មបន្ទាន់នេះ គ្រឿងចក្រអេស្កាវ៉ាទ័រ ត្រូវបាននាំយកមកដើម្បី កាយបើកមុខទឹក នៅចំណុចអូរព្រំប្រទល់ឃុំស្លក្រាម ស្រុកស្វាយចេក និងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ក្នុងគោលបំណងរំដោះទឹក និងបញ្ចៀសការខូចខាតដំណាំស្រូវរបស់ប្រជាកសិករ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានស្ថានការណ៍ទឹកជំនន់។ ឯកឧត្តមបានសង្កត់ធ្ងន់ថាត្រូវតាមដានស្ថានភាពទឹកជានិច្ចដោយសារតែរយៈពេលនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ តំបន់មួយចំនួនអាចប្រឈមនឹងជំនន់ទឹកភ្លៀង។ ត្រូរកវិធីសាស្ត្ររំដោះទឹកក្នុងករណីដែលតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀង អាជ្ញាធរត្រូវរកគ្រប់មធ្យោបាយដើម្បីរំដោះទឹក កុំឱ្យមានការជន់លិចផលដំណាំ ក៏ដូចជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ ក្នុងករណីមានជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងរហូតប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិ អាជ្ញាធរត្រូវត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់។
សកម្មភាពចុះជួយអន្តរាគមន៍របស់ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងរដូវវស្សាដែលងាយនឹងកើតមានគ្រោះធម្មជាតិ៕
ដោយ ឈុន សារ៉ាត





