នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់ និងក្តាមថ្មរបស់វារីវប្បករ ស្រុកស្ទឹងហាវ
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម និងនាយផ្នែករដ្ឋបាលជលផល ទំនប់រលក ស្រុកស្ទឹងហាវ បានចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់ និងក្តាមថ្មរបស់ប្រជាកសិករតាមបែបធ្វើវារីវប្បករ ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ការចុះពិនិត្យការចិញ្ចឹមត្រីស្ពង់ និងក្តាមថ្មបែបវារីវប្បកម្ម ក្នុងនោះចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់របស់វារីវប្បករឈ្មោះ ខន ទេម ភេទប្រុស អាយុ ៥២ឆ្នាំ ដែលបានធ្វើការចិញ្ចឹមត្រីឆ្ពង់អស់រយៈពេល១២ឆ្នាំកន្លងមកហើយ បច្ចុប្បន្នមានគាត់មានបែរត្រីចំនួន៥៨បែរ ដែលមានត្រីឆ្ពង់សរុប ៦៧ ០០០ក្បាល ក្នុងនោះមានត្រីធំ និងតូច ដែលកំពុងចាប់លក់ជាបន្តបន្ទាប់ និងក៏កំពុងដាក់កូនចូលក្នុងបែរ។ លោក ខន ទេម បានឱ្យដឹងបន្តទៀតថា ការធ្វើវារីវប្បកម្មឆ្នាំនេះ ការចិញ្ចឹមត្រីបានល្អ មិនមានបញ្ហាឈឺ ងាប់ និងមានទីផ្សារល្អ ព្រោះមានឈ្មួញកណ្តាលមកទទួលទិញដល់ទីតាំងតែម្តង។ ដោយឡែកការចិញ្ចឹមក្តាមថ្ម មាន១ម្ចាស់ ដាក់កូនក្តាមថ្ម ចិញ្ចឹមចំនួន ៣ ៤០០កូន។ កូនក្តាមថ្មដែលដាក់ចិញ្ចឹម គឺបានមកពីការប្រមូលទិញពីប្រជានេសាទដែលរកពីដែននេសាទនៃព្រៃធម្មជាតិជិតលំនៅឋានរបស់ពួកគាត់ ដើម្បីយកមកចិញ្ចឹមបន្តមុននឹងធ្វើការចាប់លក់លើទីផ្សារ។ ម្យ៉ាងទៀតការលក់ក្តាមថ្មមិនមានការលំបាកនោះទេ ព្រោះអ្នកទិញយកទៅបរិភោគជាលក្ខណៈក្រុមគ្រួសារ ឬក៏ផ្ញើទៅបងប្អូន និងមិត្តភក្តិ។


ម្ចាស់វារីវប្បកម្មចិញ្ចឹមត្រីស្ពង់ និងក្តាមថ្ម បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីខាងមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ តែងតែបានចុះពិនិត្យ និងបានផ្តល់ប្រឹក្សាបច្ចេកទេសក្នុងការចិញ្ចឹម ទើបយើងមានឱកាសធ្វើវារីវប្បកម្មចិញ្ចឹមទទួលបានទិន្នផលល្អ៕
ដោយ ងូ សុមុនី





