មន្ទីរកិច្ចការនារីខេត្តកំពង់ធំរៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែកនៅឃុំប្រឡាយ
AKP កំពង់ធំ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥-- មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយមន្ទីរសុខាភិបាល តាមរយៈក្រសួងកិច្ចការនារីដែលមានការគាំទ្រពីអង្គការដៃគូ និងអាជ្ញាធរមូលដ្ឋានមណ្ឌលសុខភាពប្រឡាយ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែក ព្រមទាំងបានពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ក្នុងសហគមន៍នៅវត្តមុន្នីរង្សី ភូមិកំពង់វំាង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ រយៈពេលមួយថ្ងៃពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិតីភាពលោកស្រី ស៊ីន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត និងដោយមានការចូលរួមពីលោកអភិបាលរងស្រុកស្ទោង លោកមេឃុំ តំណាងមន្ទីរពេទ្យខេត្តកំពង់ធំ មន្រ្តីមន្ទីរកិច្ចការនារីខេត្ត មេភូមិនិ ងប្រជាពលរដ្ឋសរុប២០១នាក់ (ស្រី១០៨នាក់)។


លោកស្រី ស៊ិន ស៊ីផាន បានមានប្រសាសន៍លើកឡើងពីយេនឌ័រ ភេទ និងអំពីសារសំខាន់នៃការថែរក្សាសុខភាពភ្នែកដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យយល់កាន់ច្បាស់ ស្តីពីយេនឌ័រ និងភេទ និងសារៈសំខាន់នៃពិនិត្យនិងព្យាបាលជំងឺភ្នែក ក្នុងវេទិកានេះ។


ទន្ទឹមនឹងនេះ លោកស្រីប្រធានមន្ទីរបានលើកទឹកចិត្តឱ្យប្រជាពលរដ្នទាំងអស់ដែលមានកូនគ្រប់អាយុ១៨ឆ្នាំឱ្យទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងបានលើកទឹកចិត្តដល់បងប្អូនជាស្ត្រីត្រូវថែទាំសុខភាពឱ្យបានល្អ និងមានអនាម័យជាប្រចាំទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ព្រោះសុខភាពជាបញ្ហាចម្បងសម្រាប់យើងទាំងអស់គ្នា ព្រមទាំងលើកទឹកចិត្តឱ្យអាណាព្យាលគ្រប់រូបជំរុញកូនស្រីឱ្យរៀនបានច្រើន និងបញ្រ្ជាបផ្សព្វផ្សាយច្បាប់ទប់ស្កាត់អ៉ពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនគ្រោះ ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ដើម្បីភូមិឃុំមានសុវត្ថិភាពថែរក្សាបាននៅសន្តិភាពដែលរកបានដោយលំបាកនិងមិនអាចកាត់ថ្លៃបាន៕
ដោយ ស៊ុម វណ្ណា





