កីឡាករអត្តពលកម្ម វ៉ាន់ ភារ៉ា ចូលរួមប្រកួតជើងឯកអាស៊ី នៅកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥--កីឡាករអត្តពលកម្មកម្ពុជា វ៉ាន់ ភារ៉ា បានចេញដំណើរទៅចូលរួមប្រកួតកីឡាអត្តពលកម្មជើងឯកអាស៊ី ពីថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសកូរ៉េខាងត្បូង។

កីឡាកររត់ចម្ងាយឆ្ងាយ វ៉ាន់ ភារ៉ា ជាកីឡាករកម្ពុជាតែម្នាក់គត់នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អត្តពលកម្មជើងឯកអាស៊ី លើកទី២៦ (26th Asian Athletics Championships 2025 Gumi) នៅកូរ៉េខាងត្បូង។

លោក បូរ ពុធរាត្រី អគ្គលេខាធិការ សហព័ន្ធកីឡាអត្តពលកម្មកម្ពុជាបានឱ្យដឹងថា ការធ្វើដំណើរចេញទៅប្រកួតនេះមានប្រធានសហព័ន្ធកីឡាអត្តពលកម្ម លោក ដួង មាសចំរើន ធ្វើដំណើរជាមួយអគ្គលេខាធិកា លោក បូរ ពុធរាត្រី ដើម្បីទៅចូលរួមកិច្ចប្រជុំ និងកីឡាករ វ៉ាន់ ភារ៉ា ត្រូវប្រកួតអត្តពលកម្មជើងឯកអាស៊ី លើវិញ្ញាសា ១០០០០ម៉ែត្រ នៅប្រទេសកូរ៉េខាងត្បូង។ ការប្រកួតរបស់កីឡាកររូបនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ៤:១០នាទី (ត្រូវនឹងម៉ោង ២:១០នាទីនៅកម្ពុជា) នៅទីលាននៃកីឡដ្ឋាន Gumi Stadium ស្ថិតក្នុងខេត្ត North Gyeongsang ប្រទេសកូរ៉េខាងត្បូង។ ការប្រកួត 26th Asian Athletics Championships 2025 Gumi ត្រូវបានរៀបចំដោយសមាគមអត្តពលកម្មអាស៊ី នឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ដោយមានការប្រកួតប្រជែងលើ ៤៥វិញ្ញាសានៃប្រភេទកីឡាអត្តពលកម្ម។ អ្នកចូលរួម ទាំងថ្នាក់ដឹកនាំ និងអត្តពលិកមានចំនួនសរុបប្រមាណ ២០០០នាក់ មកពី ៤៣ប្រទេស ក្នុងទ្វីបអាស៊ី៕
ដោយ ហេង ណាលីន (រូបភាព៖ សហព័ន្ធកីឡាអត្តពលកម្ម)





