អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នឹងបើកប្រតិបត្តិការជាផ្លូវការនាថ្ងៃទី០៩ ខែកញ្ញា
AKP ភ្នំពេញ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥– អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នឹងបើកប្រតិបត្តិការជាផ្លូវការនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៥ ខណៈពិធីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលានេះ ។
យោងតាមសេចក្តីវ្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានចេញផ្សាយនៅថ្ងៃទី ២៣ ខែ ឧសភានេះ បានបង្ហាញថា រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ ៖
- កំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ។
- កំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ប្រធានក្រុមហ៊ុន CAIC ប្រធានក្រុមហ៊ុន SCA ប្រធានក្រុមហ៊ុន CATS ប្រធានផ្នែកកម្លាំងសមត្ថកិច្ចច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ប្រធាន ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក-អន្តរជាតិ និងប្រតិបត្តិករផ្តល់សេវាកម្មអាកាសយានដ្ឋាន មេត្តាជ្រាប និងចាត់ចែងអនុវត្តតាមការគួរ៕




ដោយ៖ ចរិយា





